ពលរដ្ឋភូមារាយការណ៍ថា ក្រុមកងទ័ពពេលថ្ងៃស្លូត ប៉ុន្តែពេលយប់កាចសាហាវគួរឱ្យខ្លាច

71

ណៃពិដោរ៖អាជ្ញាធរបានធ្វើសកម្មភាព តាមចាប់មនុស្សជាច្រើននាក់។ ក្នុងចំណោមនោះ គេបានចេញ តារាងឈ្មោះមនុស្ស៧នាក់ ដែលកងទ័ពកំពុងតាមចាប់យ៉ាងសកម្មបំផុត។ រូបថតមនុស្សទាំង​៧នាក់នេះ ត្រូវបាន​គេ​បិទផ្សាយ​ជាសាធារណៈ ហើយ​នរណាក៏ដោយ ដែលចូលរួម​ជួយ​លាក់បំពួន ជនទាំងនេះ គឺកងទ័ពនឹងចាត់វិធានការ។ ក្នុងចំណោមសកម្មជនបាតុកម្ម ដែលចេញមុខខ្លាំងទាំង​៧នាក់នេះ គឺមានម្នាក់ជាអតីតមេចលនានិស្សិត ដែលបានដឹកនាំបាតុកម្ម កាលពី​ឆ្នាំ​១៩៨៨។

បើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ច បានចុះចាប់មនុស្ស​ក្នុងវេលាយប់ នៅតាមទីក្រុងនានា។ ប្រការនេះ បានធ្វើ​ឲ្យ​ប្រជាជនភូមា រួមគ្នាបង្កើតក្រុមប្រជាឃ្លាំមើលជាច្រើនក្រុម ដើម្បី​ជួយ​តាមសង្កេត និង​ផ្តល់ដំណឹងដល់អ្នកជិតខាង តាមភូមិឃុំសង្កាត់ ប្រាប់ដំណឹងគ្នាទៅវិញទៅមក ក្នុងករណីមានការចុះចាប់កណ្តាលយប់អាធ្រាត្រ។

នៅទីក្រុងណៃពីដោរ មាននិស្សិតជាង​២០នាក់ រួមនឹងបាតុករច្រើននាក់ទៀត ត្រូវបានកងទ័ពឃាត់ខ្លួន នៅក្នុងពេល​បាតុកម្ម។ នេះបើផ្អែកតាមអ្នករាយ​ការណ៍​ព័ត៌មានប្រចាំនៅទីនោះ។ ហើយកាលថ្ងៃចន្ទ អ្នកកាសែតចំនួន​៥នាក់ ដែលគេចាប់ខ្លួនកាលពីថ្ងៃអាទិត្យ​ម្សិលមិញ នៅភាគខាងជើង ត្រូវបានគេដោះលែងមកវិញហើយ។

ជាសរុប​គិតចាប់ពីថ្ងៃទី១កុម្ភៈមក គឺមាន​មនុស្សប្រមាណ​៤០០នាក់ ដែលត្រូវក្រុមកងទ័ពចាប់ ហើយស្ថិតនៅក្នុងការឃុំខ្លួននៅឡើយ ក្នុងនោះគឺមានចំរុះ ទាំងសមាជិកសភា ទាំងសកម្មជននយោបាយ បាតុករនិស្សិត គ្រូពេទ្យ និងអ្នកច្បាប់ផង។ ចំណែកលោកស្រី អ៊ុងសាន ស៊ូជី កំពុងស្ថិតក្នុង​ការឃុំខ្លួននៅគេហដ្ឋានរបស់លោកស្រី នៅក្រុងណៃពីដាវ។​ តាមធម្មតានីតិវិធីឃុំខ្លួន​បណ្តោះអាសន្ន លើលោកស្រី គឺត្រូវចប់នៅថ្ងៃចន្ទនេះ ដោយតុលាការត្រូវបើកសវនាកា។ ក៏ប៉ុន្តែបើផ្អែកតាមការជូនដំណឹងពីលោក Khin Maung Zaw មេធាវីផ្ទាល់របស់លោកស្រី អ៊ុងសាន ស៊ូជី គឺសវនាកា ត្រូវបានគេលើកទៅថ្ងៃពុធវិញ។

លោក Tom Andrews តំណាងអង្គការ​សហប្រជាជាតិ ​ប្រចាំនៅភូមា ​បាន​លើកឡើងថា បើ​ក្នុងករណីមានការបង្រ្កាប​ បង្ហូរឈាម គឺកងទ័ពភូមា ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

បើតាមការវិភាគខ្លះ​​ គឺថាកងទ័ពភូមា ទំនងជា​មិនចង់ឲ្យ​កើតមានការបង្ហូរឈាម ដូចក្នុង​ប្រវត្តិសាស្ត្រ​កន្លងមកទេ។ ព្រោះថាបើកងទ័ពចង់​បង្រ្កាប ប្រើអាវុធ ម្លេះគឺធ្វើភ្លាម​តាំងតែពី​ថ្ងៃទីមួយ​នៃបាតុកម្មម្លេះ។ តែដូចយើងបានសង្កេតកន្លងមក គឺថាកងទ័ព​ខំប្រឹងកសាងមុខមាត់សម្បើមណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដើរតួ​ជាអ្នក​បើក​ច្រកប្រជាធិបតេយ្យ ឲ្យមានការបោះឆ្នោត ការពារព្រំដែន ការពារផលប្រយោជនជនជាតិភូមា កាន់សាសនាព្រះពុទ្ធជាដើម។ ទាំងអស់នេះ គឺកងទ័ពខំប្រឹង សំអិតសំអាងយកចិត្តប្រជាជនភូមា ឲ្យឃើញថាខ្លួនអាចទុកចិត្តបាន ហើយ​សង្ឃឹមថានឹងអាចឈ្នះឆ្នោតដោយពេញមុខ។ ដូច្នេះបើប្រើកម្លាំង បង្ហូរឈាមនៅពេលនេះ គឺអ្វីៗដែលខំសាងមក៥ឆ្នាំចុងក្រោយនេះ នឹងរលាយសូន្យ។

ហេតុដូច្នេះហើយ បាន​ជាមានមតិខ្លះ ជំរុញថា ត្រូវតែវែកផ្លូវរកការចរចា ជាមួយ​កងទ័ពឲ្យបាន​។ យ៉ាងណាមិញ លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យកងទ័ពធានាការពារសិទ្ធិជួបជុំ ធ្វើបាតុកម្មដោយ​សន្តិវិធី របស់​ប្រជាជនភូមា។ លោកក៏បានអំពាវនាវ ឲ្យ​កងទ័ពភូមា ត្រូវបើកផ្លូវ ឲ្យ​លោកស្រី Christine Schraner Burgener ប្រេសិទពិសេសរបស់អង្គការសហប្រជាជាតិ​​ អាចចូលទៅ​ពិនិត្យ​ស្ថានការណ៍​ដោយ​ផ្ទាល់ នៅភូមា ហើយអាចឈានទៅតភ្ជាប់ស្ពាន ដើម្បីចរចានយោបាយ​៕