អាមេរិកចោទប្រកាន់ក្រុម Hacker ដែលលួចលុយជាង ១ពាន់លានដុល្លារ គឺយោធាមកពីកូរ៉េខាងជើង

40

វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់មន្រ្តីស៊ើបការណ៍យោធាកូរ៉េខាងជើងចំនួន ៣នាក់ កាលពីថ្ងៃពុធម្សិលមិញ ពាក់ព័ន្ធទៅនឹងគ្រោងការណ៍ចារកម្មវាយប្រហារតាមអ៊ីនធើណិតលួចប្រាក់ចំនួន ១,៣ ពាន់លានដុល្លារជារូបិយប័ណ្ណគ្រីប និងរូបិយប័ណ្ណបែបប្រពៃណីពីធនាគារ។

បើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា នៅក្នុងរបាយការណ៍ចោទប្រកាន់នេះ បានឲ្យដឹងថាពួកគេទាំង ៣នាក់​ បានធ្វើការជាមួយគ្នានៅក្នុងការិយាល័យស៊ើបការណ៍សម្ងាត់របស់យោធាកូរ៉េខាងជើង នៅផ្នែកសន្តិសុខតាមអ៊ីនធើណេត។

ក្នុងរយៈពេលយ៉ាងហោចណាស់ ៧ឆ្នាំមកនេះ ក្រុមមន្រ្តីយោធាទាំងនេះបានបង្កើតកម្មវិធី cryptocurrency ដែលអាចលបចូលទៅក្នុងកុំព្យូទ័រគោលដៅ ហើយបានលួចចូលទៅក្នុងក្រុមហ៊ុនទីផ្សារ និងជួញដូររូបិយប័ណ្ណឌីជីថលដូចជា bitcoin ជាដើម និងបានបង្កើតវេទិការ blockchain មួយ ដើម្បីគេចវេសពីការដាក់ទណ្ឌកម្ម និងអាចប្រមូលថវិកាបានដោយសម្ងាត់។

សូមជម្រាបថា ទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ បានធ្វើឲ្យកូរ៉េខាងជើងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ស្របទៅនឹងសេដ្ឋកិច្ចបែបផែនការដែលរួមរឹតទៅដោយការរឹតត្បិតសេដ្ឋកិច្ច ប្រជាជនកាន់តែច្រើនកំពុងអត់ឃ្លាន ដែលនេះជាមធ្យោបាយមួយក្នុងការរកប្រភពចំណូលរបស់ខ្លួន។

ជុំវិញបញ្ហានេះប្រធានាធិបតីអាមេរិក លោកចូ បៃដិន ប្រកាន់ជំហរផ្តោតលើការប្រឆាំងទៅនឹងយុទ្ធនាការជាសកលនៃឧក្រិដ្ឋកម្ម របស់កូរ៉េខាងជើង ដែលមធ្យោបាយមួយបង្ខំឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាត់ចំណូលទាំងអស់ ហើយត្រូវបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនចោល៕