ចិនអំពាវនាវឲ្យអាមេរិក ចូលតុចរចាស្តាទំនាក់ទំនងដែលខូចខាតកន្លងមកកាលពីរដ្ឋបាលលោកត្រាំ

24

ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឲ្យអាមេរិក ក្រោមរដ្ឋបាលថ្មីដឹកនាំដោយលោក ចូ បៃដិន បើកកិច្ចពិភាក្សាជាមួយគ្នាឡើងវិញ ដើម្បីស្តានូវទំនាក់ទំនងទ្វេភាគីដែលបានខូចខាតកន្លងមកដោយសារការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោក វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងក្នុងវេទិកាមួយដោយបានអះអាងថា កន្លងមកអតីតប្រធានាធិបតីអាមេរិក បានតទល់ជាមួយប្រទេសចិនដោយមិនសមហេតុផលទៅលើការដាក់ពន្ធលើទំនិញចិន បញ្ហាបច្ចេកវិទ្យា បញ្ហាជំងឺឆ្លងជាដើម។

មន្ត្រីការទូតជាន់ខ្ពស់រូបនេះ ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនគោរពផលប្រយោជន៍ស្នូលរបស់ចិន បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ទំនាក់ទំនងជាមួយកម្លាំងបំបែកខ្លួនដើម្បីឯករាជ្យតៃវ៉ាន់តទៀត ។

សូមជម្រាបថា កន្លងមកលោក ចូ បៃដិន ប្រធានាធិបតីថ្មីអាមេរិក បានប្រកាសជំហររក្សាសម្ពាធលើប្រទេសចិនដដែល ប៉ុន្តែក្រោមយុទ្ធសាស្រ្តថ្មីខុសពីលោកត្រាំ ដោយផ្តោតលើច្បាប់អន្តរជាតិ បញ្ហាសិទ្ធិមនុស្សជនជាតិភាគតិចម៉ូស្លីមអ៊ុយហ្គួរនៅក្នុងតំបន់ស៊ីនជាំង បញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូង និងបញ្ហាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ជាដើម៕