ជនជាតិវៀតណាមម្នាក់ជាប់ពន្ធនាគារ២ឆ្នាំ ក្រោយរំលោភច្បាប់ចត្តាឡីស័ក និងចម្លងវីរុសទៅអ្នកដទៃ

27

ហាណូយ៖អាជ្ញាធរវៀតណាមបាននិយាយថា តុលាការនៅប្រទេសវៀតណាមបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ ចំពោះបុគ្គលិកបំរើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញកាលពីថ្ងៃអង្គារ បន្ទាប់ពីរក ឃើញថា បុគ្គលរូបនេះបានរំលោភលើច្បាប់គ្រប់គ្រងការរីករាលជំងឺកូវីដ-១៩ និងបានចម្លងមេរោគទៅអ្នកដទៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការជំនុំជម្រះក្តីមួយ ថ្ងៃនៅឯតុលាការប្រជាជនទីក្រុងហូជីមិញ លោក Duong Tan Hau អាយុ ២៩ បុគ្គលិកបំរើការលើយន្តហោះ របស់ក្រុម ហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ ត្រូវបានផ្តន្ទាទោសពីបទ «បានចម្លងជំងឺទៅអ្នក» ដោយត្រូវជាប់ពន្ធនាគារចំនួន ២ឆ្នាំ ។

យោងតាមការចោទប្រកាន់ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់អាជ្ញាធរវៀតណាម លោក Duong Tan Hau បានរំលោភបទបញ្ជាចត្តាឡីស័ក ដោយបានចេញទៅប៉ះពាល់មនុស្ស ៤៦ នាក់ផ្សេងទៀត បន្ទាប់ពីការហោះហើរទៅកាន់ ប្រទេសជប៉ុននៅក្នុងខែវិច្ឆិកា។

គួរជម្រាបជូនថា ប្រទេសវៀតណាមត្រូវបានគេកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ប្រទេសវៀតណាមត្រូវបានកត់ត្រាការឆ្លង COVID-19 តិចជាង ២.៦០០ នាក់និង ៣៥ នាក់បានស្លាប់ដោយសារជំងឺនេះ៕