ចិន គាំទ្រឲ្យមីយ៉ាន់ម៉ាស្តាប្រជាធិបតេយ្យ ប៉ុន្តែប្រឆាំងការដាក់ទណ្ឌកម្មនៅ UN

29

ប៉េកាំង៖ ប្រទេសចិន បានប្រកាសគាំទ្រ និងលើកទឹកចិត្តឲ្យមីយ៉ាន់ម៉ា ស្តាប្រជាធិបតេយ្យ ដោយអំពាវនាវឲ្យភាគីរបបយោធា និងបាតុកររក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់និងចាត់វិធានការប្រកបដោយឥរិយាបថស្ថាបនា ជាជាងការប្រើហិង្សា។

បើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ទទឹមនឹងការអំពាវនាវនេះ ប្រទេសចិននៅតែបន្តរក្សាជំហរប្រឆាំងជាដាច់ខាតនូវការដាក់ទណ្ឌកម្មនានា នៅក្នុងសេចក្តីប្រកាសរួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតចិន លោក ចាង ជូន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតថា “ប្រទេសចិនសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងស្តារសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងបន្តជំរុញការស្តាប្រជាធិបតេយ្យ ឡើងវិញ ព្រោះថាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ប្រសិនបើមីយ៉ាន់ម៉ារុញចូលទៅក្នុងភាពចលាចលដោយអូសបន្លាយយូរទៅៗ នោះវានឹងក្លាយជាគ្រោះមហន្តរាយមួយសម្រាប់ប្រទេសមីយ៉ាន់ម៉ា និងតំបន់ទាំងមូល។

ទន្ទឹមនោះ លោកចាង ក៏បានលើកឡើងពីការដាក់ទណ្ឌកម្មថា ការដាក់សម្ពា ទណ្ឌកម្ម ឬវិធានការបង្ខំផ្សេងទៀត នឹងធ្វើឱ្យមានភាពតានតឹងបន្ថែម ព្រមទាំងនាំទៅរកការប្រឈមមុខកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យស្ថានភាពនេះកាន់តែស្មុគស្មាញថែមទៀត ដែលនេះមិនមែនជាមធ្យោបាយស្ថាបនានោះទេ ។

សូមជម្រាបថា ប្រទេសចិនត្រូវបានគេកត់សម្គាល់ថាជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតជាមួយរបបយោធាមីយ៉ាន់ម៉ា ដែលជួយជ្រំជ្រែងខាងផ្នែកបច្ចេកទេស និងការតតាំងនៅក្នុងអង្គការសហប្រជាជាតិ នៅក្នុងសំណុំរឿងទណ្ឌកម្មនានា ដែលនេះបង្កការក្តៅក្រហាយដល់បាតុករមីយ៉ាន់ម៉ា ដោយបានដុតរោងចក្រ និងក្រុមហ៊ុនទាំងតូចទាំងធំរបស់ចិន ក្នុងប្រទេសមីយ៉ាន់ម៉ា៕