អាមេរិក និងហ្វីលីពីន សម្តែងការព្រួយបារម្ភរួមគ្នា ចំពោះសកម្មភាពប្រទេសចិននៅសមុទ្រចិនខាងត្បូង

22

ម៉ានីល៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនបានពិភាក្សាពីការព្រួយបារម្ភរួមគ្នា ចំពោះសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ។នេះបើតាការចុះផ្សាយដោយ Reuters នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ។

នៅក្នុងកិច្ចពិភាក្សារួមនេះ ហ្វីលីពីនបានលើកឡើងពីវត្តមានរបស់ទូកចិនរាប់រយ ឆ្លងចូលមកខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅឯ Whitsun Reef នៅសមុទ្រចិនខាងត្បូង ហើយបានចាត់ទុកសកម្មភាពនេះជាការគំរាមកំហែង។

រដ្ឋាភិបាលទីក្រុងម៉ានីលជឿជាក់ថា នាវាទាំងនោះត្រូវបានគ្រប់គ្រងដោយកងជីវពលសមុទ្រចិន ប៉ុន្តែត្រូវបានអ្នកការទូតចិនអះអាងថា ទូកទាំងនោះមិនមានកងជីវពលណាមួយជិះនៅលើនោះទេ។

ជុំវិញការលើកឡើងពីការព្រួយបារម្ភនេះ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ក្នុងការរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រអន្តរជាតិដោយផ្អែកលើច្បាប់ ហើយបានបញ្ជាក់ជាថ្មីនូវលទ្ធភាពនៃសន្ធិសញ្ញាការពារជាតិរវាងសហរដ្ឋអាមេរិក និងហ្វីលីពីននៅសមុទ្រចិនខាងត្បូងផងដែរ។

សូមជម្រាបថា ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ចិន និងវៀតណាមបានប្រជែងគ្នាទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ដែលទីតាំងនោះមានពាណិជ្ជកម្មឆ្លងកាត់ប្រចាំឆ្នាំយ៉ាងហោចណាស់ចំនួន ៣,៤ ពាន់ពាន់លានដុល្លារ៕