UN គំរាមដាក់ចេញសកម្មភាពប្រឆាំងនឹងរបបយោធាមីយ៉ានម៉ា ស្របពេលមនុស្សស្លាប់កាន់តែច្រើន

46

ញូយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង ទៅលើរបបសឹកយោធាមីយ៉ាន់ម៉ាចំពោះសកម្មភាពដ៏ឃោឃៅ សម្លាប់ប្រជាជនដែលគ្មានអាវុធយ៉ាងព្រៃផ្សៃ។នេះបើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ។

ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី មីនីស្ទីន សារ៉ានប៊ឺហ្គឺនឺរ បានព្រមានថាប្រទេសមីយ៉ាន់ម៉ា នឹងត្រូវប្រឈមមុននឹងសង្គ្រាមស៊ីវិលក្នុងកម្រិតដែលមិនធ្លាប់មាន ហើយលោកស្រីបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខពិចារណាទៅលើសកម្មភាពដ៏មានមានប្រសិទ្ធភាពដើម្បីបញ្ច្រាសរដ្ឋប្រហារនិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោកស្រីមិនបានបញ្ជាក់ថាជាសកម្មភាពអ្វីទេ ប៉ុន្តែលោកស្រីបានបង្ហាញរូបភាពអាក្រក់នៃការបង្ក្រាបរបស់យោធា និងបានប្រាប់ក្រុមប្រឹក្សាថាប្រទេសមីយ៉ាន់ម៉ាកំពុងឈានដល់ស្ថានភាពបរាជ័យ ហេតុនេះជាពេលត្រូវប្រើគ្រប់មធ្យោបាយ និងឧបករណ៍ដែលមានដើម្បីចាត់វិធានការឲ្យស្របដៃគ្នា ដើម្បីប្រជាជនមីយ៉ាន់ម៉ា និងការពារពីមហន្តរាយពហុភាគីនៅចំកណ្តាលបេះដូងនៃទ្វីបអាស៊ី

សូមជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍ដែលព្រាងដោយចក្រភពអង់គ្លេសបានអនុម័តដោយសមាជិកក្រុមប្រឹក្សាទាំង ១៥ នាក់បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ ដោយចាប់ផ្តើមតាំងពីថ្ងៃពុធ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវជាថ្មីដល់ក្រុមយោធាដោយអនុវត្តការអត់ធ្មត់បំផុត ខណៈមនុស្សច្រើនជាង ៥៣០ត្រូវបានសម្លាប់៕