ប៉ូលិសបែលហ្ស៊ិក ប៉ះទង្គិចគ្នាជាមួយក្រុមមនុស្សដែលប្រមូលផ្តុំគ្នា បំពានបម្រាមគោចរ

25

ប្រ៊ុចសែល៖ ប៉ូលិសបែលហ្ស៊ិក បានប៉ះទង្គិចគ្នាមួយប្រាវកាលពីថ្ងៃប្រហស្បតិ៍ម្សិលមិញជាមួយក្រុមមនុស្សដែលប្រមូលផ្តុំគ្នានៅឧទ្យានធំបំផុតរបស់ទីក្រុងប្រ៊ុចសែល ដែលបំពានបម្រាមគោចររបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បើតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍រដូវក្តៅនៅឧទ្យានជាតិ ស្របពេលរដ្ឋាភិបាលដាក់ចេញការរឹតបន្តឹងគម្លាតសង្គម បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងហេតុការណ៍នោះ ប៉ូលីសបានព្យាយាមបំបែកវ៉ូងមនុស្សដោយប្រើកាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមមនុស្សដែលប្រមូលផ្តុំនោះ បានតបតដោយប្រើដបនានា បង្ករឲ្យមន្ត្រីប៉ូលីសរងរបួស ៣នាក់។

សូមជម្រាបថា ប្រទេសបែលហ្ស៊ិកបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ ចំនួន ៨៨២.០០០ ករណី និងមានការស្លាប់ជាង ២៣.០០០ នាក់។

បើតាមរបាយការណ៍ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអាជ្ញាធរសុខាភិបាលបានព្រមានថាការថែទាំអ្នកជំងឺ និងទប់ទល់លែងជាប់ ប្រសិនបើល្បឿននៃការឆ្លងថ្មីមិនថយចុះ៕