ពលរដ្ឋអូស្ត្រាលី ២នាក់ ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ព្រមដោះលែងពីការឃុំឃាំង

29

កង់បេរ៉ា៖ នាយកដ្ឋានកិច្ចការបរទេសរបស់អូស្រ្តាលី បានអះអាងនៅថ្ងៃច័ន្ទនេះថា ប្រជាជនអូស្រ្តាលីពីរនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីចុងខែមុន ត្រូវបានដោះលែងវិញហើយ និងបានចាកចេញពីទីក្រុងយ៉ាំងហ្គោន។

បើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទៅ៥ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថាពលរដ្ឋអូស្រ្តាលីទាំងពីររូបនេះ ជាអ្នកពិគ្រោះយោបល់ផ្នែកជំនួញ និងបានបើកក្រុមហ៊ុនពិគ្រោះយោបល់នៅទីក្រុងយ៉ាំងហ្គោន ពួកគេទាំងពីរនាក់ត្រូវបានចាប់ឃុំក្នុងផ្ទះ បន្ទាប់ពីពួកគេទាំងពីរព្យាយាមចាកចេញពីមីយ៉ាន់ម៉ាតាមជើងហោះហើរសង្គ្រោះកាលពីខែមីនា។

ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី បានផ្តល់ជំនួយនានា និងបានផ្តល់ជំនួយកុងស៊ុលដល់ពួកគេទាំងពីរនាក់ផងដែរ អំឡុងពេលពួកគេត្រូវបានគេឃុំឃាំង និងដោះលែង ហើយបានផ្តល់ការគាំទ្រសម្រាប់ការចាកចេញរបស់ពួកគេ ពីទីក្រុងយ៉ាំងហ្គោននៅថ្ងៃទី ៤ ខែមេសា។

សូមជម្រាបថា ទីក្រុងកង់បេរ៉ាបានផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងណៃពិដោហើយបានណែនាំពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ប្រសិនបើមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ៕