ក្រុមឧទ្ទាមម៉ៅនិយម វាយឆ្មក់ប្លន់ឯកសណ្ឋាន អាវុធ និងសម្លាប់កងកម្លាំងឥណ្ឌា ២២នាក់

19

ញូវដេលី៖ យ៉ាងហោចណាស់ កងកម្លាំងសន្តិសុខឥណ្ឌាប្រមាណ ២២នាក់ ត្រូវបានសម្លាប់ និង៣០នាក់បានរងរបួស បន្ទាប់ពីមានហេតុការណ៍ឆ្មក់វាយប្រហារដ៏សាហាវមួយ ពីពួកឧទ្ទាមម៉ៅនិយម នៅរដ្ឋភាគកណ្តាលនៃប្រទេសឥណ្ឌា។

បើតាមការចុះផ្សាយដោយ Reuters នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា​ កងកម្លាំងសន្តិសុខឥណ្ឌា ត្រូវបានស្ទាក់វាយប្រហារ ខណៈដែលកំពុងវិលត្រឡប់ពីប្រតិបត្តិការស្វែងរកនៅក្បែរព្រៃមួយក្នុងស្រុក Bijapur ក្នុងតំបន់ Chhattisgarh ដែលជាកន្លែងនៅក្បែរបន្ទាយឧទ្ទាមម៉ៅនិយម។

អគ្គស្នងការប៉ូលីសរដ្ឋលោក Ashok Juneja បានប្រាប់ AFP ថាក្រុមឧទ្ទាមបានលួចយកអាវុធ គ្រាប់រំសេវ ឯកសណ្ឋាន និងស្បែកជើងពីកងកម្លាំងសន្តិសុខរបស់យើងក្រោយបាញ់សម្លាប់។

លោកបញ្ជាក់ថា​នៅមានមនុស្ស ១០នាក់ទៀតកំពុងបាត់ខ្លួន ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។

ជុំវិញហេតុការណ៍នេះផងដែរ នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានសរសេរតាមបណ្ដាញសង្គមថ្វីធើថា “ការលះបង់របស់យុទ្ធជនរបស់យើង នឹងមិនអាចបំភ្លេចបានឡើយ ហើយឥណ្ឌា នឹងបន្តប្រយុទ្ធប្រឆាំងនឹងសត្រូវសន្តិភាព និងវឌ្ឍនភាពទាំងអស់នេះ” ។

សូមជម្រាបថា នេះជាការវាយប្រហារដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ឆ្នាំមកនេះ ខណៈកាលពីឆ្នាំ២០១៧ ក្រុមឧទ្ទាមឆ្វេងនិយមក៏បានវាយប្រហារសម្លាប់កងកុម្ម៉ង់ដូ ២៥ នាក់ក្នុងនៅការប្រយុទ្ធមួយផងដែរ៕