អ្នកឆ្លងកូវីដ១៩ ត្រូវបានលើកលែងសងការប្រាក់ទៅធនាគារ និងផាកពិន័យផ្សេងៗរយៈពេលមួយខែ

193

ភ្នំពេញ៖ អ្នកដែលឆ្លងជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ត្រូវបានលើកលែងសងការប្រាក់លើកលែង ការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទាន ឡើងវិញដោយស្វ័យប្រវត្តិ រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែផងដែរ ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពីអន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំពារដល់អតិថិជន ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នារបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា​ ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមទាំងពីរ សូមដាក់ចេញនូវ គោលការណ៍បន្ថែមដូចខាងក្រោម ៖

១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ ព្រម ) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩  ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម ) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែង រាល់ការផាកពិន័យទាំងអស់។

៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់ អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

៤. បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការ ប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែល ទិញផ្ទះខ្លួនតែមួយសម្រាប់រស់នៅ  (First Home Owner)។

៦. ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាននីមួយៗ។

សូមជម្រាប ថា ការរៀបចំឥណទានឡើងវិញអាចធ្វើតាមយន្តការមួយចំនួនរួមមាន៖ ទី១. ការកាត់បន្ថយ ចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ទី២. ការកាត់បន្ថយអត្រាការប្រាក់ទាបជាង លក្ខខណ្ឌនៃកិច្ចសន្យាដើម ទី៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ទី ៤. ការពន្យារឥណទានប្រតិទាន, ទី៥. ការបន្ថែម និង /ឬ ការផ្លាស់ប្តូរអ្នករួម៍ និង /ឬ អ្នកធានា ប្រសិនបើមាន ៦.ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ ដើមទាំងអស់នៅឥណប្រតិទាន ៧. ការលើកលែង ឬបន្ថយទ្រព្យធានា៨. ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង ៩. ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សងដែលអាចមាន ប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី៕