អាមេរិក ដាក់ចេញវិធានការបិទផ្លូវរកចំណូលរបស់រដ្ឋមីយ៉ាន់ម៉ាបន្ថែមទៀត

30

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសមីយ៉ាន់ម៉ា ដើម្បីបិទផ្លូវបន្ថយសមត្ថភាពក្នុងការរកចំណូលរបស់ប្រទេសនេះ។

បើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា សហគ្រាសត្បូង ដែលគ្រប់គ្រងដោយរដ្ឋមីយ៉ាន់ម៉ាត្រូវដាក់ចូលក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យជនជាតិអាមេរិកណាម្នាក់ទៅសហការរកស៊ីជាមួយនឹងសហគ្រាសត្បូងនោះឡើយ។

លោក Andrea Gacki ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់រតនាគារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សកម្មភាពថ្ងៃនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រតនាគារក្នុងការបដិសេធប្រភពថវិការបស់យោធាភូមា រួមទាំងសហគ្រាសសំខាន់ៗរបស់រដ្ឋនៅទូទាំងប្រទេសភូមាផងដែរ” ។

សហគ្រាសត្បូងនេះ ជាប្រភពចំណូលធំមួយផ្នែករបស់ប្រទេសមីយ៉ាន់ម៉ា ខណៈត្បូងទទឹម ក៏ដូចជាត្បូងកម្រជាច្រើនទៀតដែលផ្គត់ផ្គង់ក្នុងទីផ្សារពិភពលោក បានមកពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន។

សូមជម្រាបថា កន្លងមកអាមរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មរួមមកហើយ ទៅលើក្រុមហ៊ុនធំៗពីរ ដែលគ្រប់គ្រង់ដោយមេដឹកនាំធំៗដែលជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ និងអ្នកទទួលខុសត្រូវសម្លាប់បាតុករជាង ៦០០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ។

ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិកបានប្រកាន់ជំហរ រក្សាសម្ពាធកាន់តែខ្លាំងឡើងលើប្រភពចំណូលរបស់របបសឹកយោធារហូតដល់ ពួកគេព្រមបញ្ឈប់អំពើហឹង្សា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ដកការរឹតត្បិតលើផ្នែកទូរគមនាគមន៍ និងធ្វើឱ្យភូមាវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យវិញ៕