អ្នក វិជ្ជមាន កូវីដ១៩ នៅភ្នំពេញ ចំនួន១៣នាក់ បានបាត់ដំណឹង , បើឃើញ សូមរាយការណ៍ជូនអាជ្ញាធរ ជាបន្ទាន់

561

ភ្នំពេញ៖អ្នក វិជ្ជមាន កូវីដ១៩ នៅរាជធានីភ្នំពេញ ចំនួន១៣នាក់ ក្នុងចំណោម៥៦នាក់ បានបាត់ដំណឹង ដោយក្រុមគ្រូពេទ្យ «ពុំទាន់រកទីតាំងឃើញ» ព្រោះពួកគាត់ពុំបានផ្តល់នូវព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទទំនាក់ទំនង និង អាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញនៅលើទម្រង់ស្នើសុំធ្វើពិសោធន៍ រកមេរោគកូវីដ១៩ នៅពេលទៅយកសំណាក ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បញ្ជាក់ថា «ក្នុងករណី អ្នក វិជ្ជមាន ដូចមានឈ្មោះ បានជ្រាប អំពីសេចក្តីជូនដំណឹង នេះ សូមទំនាក់ទំនងទៅអាជ្ញាធរដែលនៅជិតបំផុត ជាបន្ទាន់ ដើម្បីរៀបចំទទួលយកទៅព្យាបាលអោយបានទាន់រហ័ស ឬ ទំនាក់ទំនងមកលេខ ១២៩៩ ឬ ១១៥»។

ជាមួយគ្នានេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមានថា អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬ ការប៉ុនប៉ងប្រព្រឹត្តអំពើនេះ នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ហើយអំពើនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើបណ្តាល​ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ។

លោក គឹម សន្តិភាព ថ្លែងតាមបណ្តាញសង្គម Facebook ថា ហេតុនេះ សូមអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលអាជ្ញាធរមានសមត្ថកិច្ចប្រកាសស្វែងរកទាំងអស់ សូមបង្ហាញខ្លួនជាបន្ទាន់ និង អោយបានទាន់ពេលវេលា នោះអ្នកនឹងអាចទទួលបានការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលបាននូវការសម្រាលការទទួលខុសត្រូវព្រហ្មទណ្ឌ ៕