Breaking : ទាហានជើងទឹកឥណ្ឌូនេស៊ី ៥៣នាក់បានស្លាប់ហើយ ក្រោយបាត់ដំណឹងជាច្រើនថ្ងៃ

123

បាលី៖មេបញ្ជាការយោធាឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ បានប្រកាសជាផ្លូវការថា មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី កងទ័ពជើងទឹកឥណ្ឌូនេស៊ី ៥៣នាក់ ដែលបាត់ទៅជាមួយនាវាមុជទឹក បានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីរកឃើញបំណែកនាវាមុជទឹកនៅក្រោមសមុទ្រជិតកោះបាលី ។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel NewsAsia នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។

លោក Marshal Hadi Tjahjanto មេបញ្ជាការយោធាឥណ្ឌូនេស៊ី បាននិយាយថា ក្រុមរុករកបានទទួលនូវ រូបភាពដែលអាចបញ្ជាក់បានថាជាផ្នែកនៃនាវាមុជទឹក KRI Nanggala 402 ដូចជាផ្នែកខាងចុងបញ្ឈរ ខាងក្រោយយុថ្កា និងផ្នែកខាងក្រៅនៃតួនាវាមុជទឹកនេះ ។

មេបញ្ជាការយោធាឥណ្ឌូនេស៊ី រូបនេះបញ្ជាក់ថា ផ្អែកលើភ័ស្តុតាងពិតប្រាកដយើងបញ្ជាក់ថា នាវាមុជទឹក KRI Nanggala 402 បានលិចហើយសមាជិកនាវិកទាំងអស់បានស្លាប់ហើយ ។ អាជ្ញាធរឥណ្ឌូនេស៊ី មិនទាន់បញ្ជាក់ ពីមូលហេតុនៅឡើយទេ រង់ចាំការស៊ើបអង្កេតសិន ប៉ុន្តែគេប្រទះឃើញនាវាមុជទឹកនេះ បានដាច់ជា ៣ កំណាត់ ។

គួរជម្រាបថា នៅក្នុងប្រតិបត្តិការរុករកនេះ យ៉ាងហោចណាស់មាននាវាឥណ្ឌូណេស៊ីចំនួន ២៥ គ្រឿងចូលរួម ក្នុងការស្វែងរកនាវា KRI Nanggala ៤០២។ នាវាមកពីប្រទេសផ្សេងទៀតរួមទាំងនាវាសង្គ្រោះ MV Swift របស់ប្រទេសសិង្ហបុរីត្រូវបានដាក់ពង្រាយផងដែរ ៕