កុំជ្រួលច្របល់ , ភ្នំពេញ និង ក្រុងតាខ្មៅ បន្ត «បិទខ្ទប់» រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី៦ ខែឧសភា

182

ភ្នំពេញ៖រាជរដ្ឋាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពី «ការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយត្រូវជំនួសមកវិញ នូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង របស់គណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ»

ប្រការ១ នៃសេចក្តីសម្រេចនេះ ចែងថា «បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និង សេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ»

ទន្ទឹមនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបន្តអនុវត្តវិធានការថ្មីដែលនឹងត្រូវបានដាក់ចេញដោយគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាលនាពេលខាងមុខ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕