កម្មកររោងចក្រនៅភ្នំពេញ២នាក់ ជិះម៉ូតូឌុបគ្នាទៅខេត្តត្បូងឃ្មុំ វិជ្ជមានកូវីដ១៩

44

ត្បូងឃ្មុំ៖រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែឩសភានេះថា យោងលទ្ធផលតេស្ត (PCR )មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្តរហ័ស(Rapid Test) បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី លើបុរស-ស្រ្តីជនជាតិខ្មែរចំនួន ៣នាក់ ។

នៅក្នុងចំណោម ៣នាក់នោះ មានបុរស-ស្រ្តីជនជាតិខ្មែរ ២នាក់ជាកម្មកររោងចក្រ ឌី ឡាក់ សង្កាត់ចោមចៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីភ្នំពេញ ដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួន មកដល់មូលដ្ឋានឃុំព្រះធាតុ ត្រូវបានអាជ្ញាធរណែនាំ ឱ្យមកធ្វើចត្តាឡីស័កនៅស្នាក់ការគណបក្សឃុំព្រះធាតុ ស្រុកអូររាំងឪ។ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានយកសំណាកលើកទី១ លុះដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លទ្ធផលសំណាកវិជ្ជមានជំងឺកូវីដ១៩ ។

អ្នកទាំង ២នាក់នេះ ទី១មានឈ្មោះថា  ឌី ជា ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិទួលថ្កូវ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងទី២ ឈ្មោះ រឿង ឆេង អ៊ន់ ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិទួលថ្កូវ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ដោយឡែក ករណីមួយទៀត ឈ្មោះ ស្រ៊ុន អេងហួរ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទួលសម្បត្តិ ឃុំប៉ើស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប៉ះពាល់ប្រយោលជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ តាំង ប៊ូទី ដែលមកពីភ្នំពេញផងដែរ ៕