ពលរដ្ឋ ចោទប្រកាន់ថា មេឈ្មួញឃុបឃិតគ្នាជាមួយអាជ្ញាធរ ដាក់គ្រឿងចក្ររំលោភបំពាន ជីកកាយយកអាចម៍ដី ក្នុងដីស្រែប្រាំងរបស់ពួកគាត់ជាង៨០គ្រួសារ

114

កំពង់ចាម៖ប្រជាពលរដ្ឋប្រមាណជា៤០នាក់ តំណាង​អោយ​ប្រជា​ពលរដ្ឋសរុបជាង៨០គ្រួសារ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលបាននិងកំពុងកាន់កាប់​អាស្រ័យផល ស្រែប្រាំងជាយូរណាស់មកហើយ លើដី​​ទំហំសរុបចំនួន២៨ហិកតា ​​ស្ថិត​នៅ​ចំណុច​​​បឹងក្រាយ ​​ភូមិ​សំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាមកធ្វើការតវ៉ា នៅសាលាឃុំសំបូរ ដើម្បីស្នើសុំអោយអាជ្ញាធរភូមិ-ឃុំ ជួយ​ហាមឃាត់ បញ្ឈប់គ្រឿងចក្រ កុំអោយរំលោភបំពានជីកកាយយកអាចម៍ដី ក្នុងតំបន់ស្រែប្រាំងរបស់ពួកគាត់ ។

តាមខ្លឹមសារដែលប្រជាពលរដ្ឋ ផ្ញើមកអង្គភាពសារព័ត៌មាន CPC NEWS នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានរៀបរាប់យ៉ាងដូច្នេះ ថា ៖

«ដីមានទំហំសរុបចំនួន ២៨ហិកតា (ម្ភៃប្រាំបីហិកតា) ដែល​​​ស្ថិត​នៅ​ចំណុច​​​បឹងក្រាយ ​​ភូមិ​សំបូរ ឃុំសំបូរ ស្រុកបាធាយ នេះ ពួកខ្ញុំបាន​កាន់​កាប់​អាស្រ័យ​ផល​ស្រែ​ប្រាំង​ តាំងពីដើមរៀងមក ជាយូរមកហើយ ដើម្បីធ្វើការដាំដុះបង្កបង្កើនផលចិញ្ចឹមជីវិត និង​ទុក​ចែកកូន​ចៅ​ទៅ​អនាគត ជាពិសេស ​យើង​ខ្ញុំតែងតែគិតថា ដីនេះជាដីកម្ម​សិទ្ធិស្របច្បាប់​របស់យើងខ្ញុំ ពីព្រោះ យើង​ខ្ញុំធ្លាប់​បាន​​​ស្តាប់​​ប្រសា​ស​ន៍ដ៏​ខ្ពង់​ខ្ពស់​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមាន​ប្រសាសន៍ថា ដីណា​ដែល​ប្រជាពល​រដ្ឋ​បាន​កំពុង​កាន់កាប់អាស្រ័យផល ត្រូវរក្សាទុក​ជូន​គាត់ ដើម្បីកាន់កាប់​បង្ក​បង្កើន​ផល​តទៅ​មុខ​ទៀត»

ពលរដ្ឋ បន្តថា តែជាក់ស្តែង មួយរយៈពេលកន្លងមកនេះ ឆ្លៀតពេលរាជរដ្ឋាភិបាល និងអាជ្ញាធរ​ បិទចរាចរការធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល ជំងឺកូវីដ១៩ នោះ មានមេឈ្មួញឃុបឃិតគ្នាជាមួយអាជ្ញាធរ ដាក់គ្រឿងចក្រ​រំលោភ​បំពាន ជីក​កាយ​យក​អាចម៍ដី ក្នុងតំបន់ដីស្រែប្រាំងរបស់ពួកគាត់ ហើយពួកយើងបានរាយការណ៍ប្រាប់​ទៅអាជ្ញាធរភូមិ ឃុំម្តង ជាពីរដងមកហើយ ដើម្បីអោយជួយអន្តរាគមន៍ហាមឃាត់គ្រឿងចក្រនោះ តែពុំមាន​ចំណាត់​ការឡើយ ហើយ​គ្រឿងចក្រនៅតែបន្តជីកកាយជារៀងរាល់ថ្ងៃ ។

ទើបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ពួកគាត់បាននាំគ្នា​មក​ដល់​សាលាឃុំសំបូរ តែម្តង ដើម្បីអោយអាជ្ញាធរឃុំបូរ ជួយដល់ពួកគាត់ ។ ប្រសិនបើអាជ្ញាធរនៅតែធ្វើមិនដឹង មិនលឺ ហើយ​មិនព្រម​ហាម​ឃាត់​គ្រឿង​ចក្រនោះទេ ពួកគាត់នឹងនាំគ្នាទៅតវ៉ា តតាំងនៅលើទីតាំងដី ជាមួយក្រុមឈ្មួញ និងបន្តទៅថ្នាក់លើតទៅទៀត ។

ចុងក្រោយ ប្រជាពលរដ្ឋ បានសំណូមពរដល់ លោកអភិបាលខេត្តកំពង់ចាម និង ​សុំក្តីមេត្តាពី សម្តេចតេជោ ហ៊ុន សែន សូមជួយដល់​យើងគាត់ផង ដើម្បីទុកដីនេះ​ធ្វើការដាំដុះបង្កបង្កើនផល​សម្រាប់​ចិញ្ចឹមជីវិត និង ​ទុក​ចែកកូន​ចៅ​ទៅ​អនាគត ។

ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ CPC NEWS បានទំនាក់ទំនងទៅលោកមេឃុំសំបូរ ដើម្បីសុំការបំភ្លឺ តែមាននារីម្នាក់ លើកទូរស័ព្ទជំនួស ដោយប្រាប់ថា «លោកមេឃុំកំពុងជាប់រវល់»