អ្នកសារព័ត៌មាន ត្រូវបញ្ឈប់ជាបន្ទាន់ បើនៅបំពាន គឺ ទទួលខុសត្រូវចំពោះមុខច្បាប់ អំពីសកម្មភាព ដេញតាមឡានពេទ្យ រួច Live

298

ភ្នំពេញ៖ក្រសួងព័ត៌មាន សង្កេតឃើញថា មានអ្នកសារព័ត៌មានជាតិ និង អ្នកសារព័ត៌មានបរទេសមួយចំនួន បានចុះយកព័ត៌មាន និង ធ្វើការផ្សាយផ្ទាល់ (Live) អំពីសកម្មភាពនានាក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល ជាពិសេសនៅក្នុងតំបន់ក្រហម និង តំបន់ហាមឃាត់ ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យរដ្ឋនិងឯកជន ។

ជាមួយគ្នានេះ អ្នកសារព័ត៌មាន បានធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយផ្ទាល់ (Live) ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និង ធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើអោយសាធារណជនមានការយល់ច្រឡំបង្កភាពជ្រួលច្របល់នៅក្នុងសង្គម និង ប្រឈមនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរទៅៗ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បង្ហាញថា ដើម្បីរក្សាសុវត្ថិភាពសង្គម និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ , ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់ ។ ករណីនៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន