សមត្ថកិច្ច ឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ២នាក់ប្តីប្រពន្ធ

91

បាត់ដំបង៖មេខ្យល់ប្តីប្រពន្ធ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ខណៈពេលដែលពួកគេកំពុងនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន១០នៅភូមិសាស្ត្រចំណុចស្ពានបី ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកអនុសេនីយ៍ត្រី រ៉េន ឌិន មេបញ្ជាការរង កងអនុសេនាធំទី៣ វរសេនាតូច៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ថ្លែងថា ដោយអនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម នោះ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងប៉ូលិសការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងផ្នែកសឹករងស្រុកកំរៀង ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។

ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ប្តីប្រពន្ធ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តង រួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀងចាត់ការតាមផ្លូវច្បាប់។

មេខ្យល់ដែលត្រូវបានចាប់ខ្លួន ១.ឈ្មោះ ភោគ ផឿន (ហៅនាង) អាយុ៣៥ឆ្នាំ រស់នៅ ភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង ប្តីឈ្មោះ សៅ ធី អាយុ ៣០ឆ្នាំ ទីលំនៅ មិនពិតប្រាកដ ។

បច្ចុប្បន្នពួកគេកំពុងត្រូវបានឃាត់ខ្លួន ដើម្បីសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ។ ចំណែក ពលករទាំង១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង៕