លោក ត្រាំ មើលឃើញថា Bitcoin មិនគួរឲ្យទុកចិត្ត និងបានគំរាមកំហែងដល់តម្លៃប្រាក់ដុល្លារ

38

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថាវត្តមាន Bitcoin នឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារ ខណៈដែលលោកចង់ឲ្យប្រាក់ដុល្លារក្លាយជា រូបិយប័ណ្ណពិភពលោក។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយ លោកត្រាំបានប្រាប់ Fox Business ថាលោកមិនចូលចិត្ត Bitcoin ឡើយ ព្រោះ Bitcoin កំពុងប្រកួតប្រជែងជាមួយប្រាក់ដុល្លារ។

សហស្ថាបនិកនៃការគ្រប់គ្រងការវិនិយោគលោក Justin Urquhart-Stewart បានអះអាងដូចគ្នាដែរថា Bitcoin ពិតជាមានសក្តានុពលអាចគំរាមកំហែងដល់ស្ថេរភាពនៃរូបិយប័ណ្ណដុល្លារពិតមែន ពីព្រោះវាបានចាប់ផ្តើមតាមរបៀបដែលវាបង្កើតឱ្យមានការទាក់ទាញ ល្បីល្បាញ និងពេញនិយមទាំងដែលវាគ្មានរូបិយប័ណ្ណពិតប្រាកដ។

លោកបន្តថា Bitcoin មានគ្រោះថ្នាក់ណាស់ ពីព្រោះវាកំពុងព្យាយាមបង្កើតកម្រិតនៃភាពជឿជាក់ចំពោះតម្លៃដែលមិនអាចជឿទុកចិត្តបាននិងគ្មានមូលដ្ឋានច្បាស់លាស់” ។ ក្រៅពីនេះលោកបានបន្ទោសចំពោះលោក Elon Musk ដែលចូលរួមសាងទំនុកលើ Bitcoin នេះ។

គួរម្លឹកថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាតម្លៃ Bitcoin បានធ្លាក់ជាបន្តបន្ទាប់ចាប់ពីដើមខែឧសភា រហូតមកទល់ពេលនេះ មិនទាន់ងើបរួចនៅឡើយទេ ហើយការធ្លាក់ចុះនេះត្រូវបានគេសន្និដ្ឋានថា មួយផ្នែកដោយសារប្រទេសចិន បានហាមឃាត់ធនាគារ ក្រុមហ៊ុននានាក្នុងប្រទេសចិន មិនឲ្យទទួលការបង់ប្រាក់តាមប្រតិបត្តិប្រព័ន្ធរូបិយប័ណ្ណគ្រីប(Crypto) ឡើយ និងមួយផ្នែកទៀតដោយសារក្រុមហ៊ុន Tesla បានប្រកាសថាខ្លួននឹងមិនទទួលយករូបិយប័ណ្ណ(Crypto)​ទៀតទេ៕