ទំពាំងស្អុយ ! យុវជនមួយក្រុមជិះរថយន្តធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

101

មុខកំពូល៖យុវជនមួយក្រុមតែងតែធ្វើសកម្មភាពស្ទាក់ចាំប្លន់ម៉ូតូ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ បង្កឲ្យមានការភ័យខ្លាច ពេលនេះ កម្លាំងអន្តរាគមន៍ស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៧ឃុំ និងកម្លាំងប្រជាការពារ ឃាត់ខ្លួនបានហើយ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៣៖០០នាទីទៀបភ្លឺ ។

ជនសង្ស័យឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ, ឈ្មោះ ស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ, ឈ្មោះ ទិត្យ បញ្ញាខារិន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ លក់អីវ៉ាន់តាមអនឡាញ ។ នេះបើយោងតាមការចុះផ្សាយនៅលើផេក អធិការដ្ឋាននគរបាលស្រុកមុខកំពូល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ ។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៖៣០នាទី កម្លាំងចេញល្បាតពួនស្ទាក់ រហូតដល់វេលាម៉ោង ៣៖០០នាទីទៀបភ្លឺ ក៏បានឃើញរថយន្ត និង ជនសង្ស័យខាងលើ ឈប់នៅចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ដោយសង្ស័យ កម្លាំងយាមល្បាតឈប់រថយន្តបម្រុងចុះសួរនាំ ត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យ ក៏បាននាំគ្នា បើករថយន្តរត់គេចតាមបណ្ដោយផ្លូវជាតិលេខ៦ ពេលមកដល់ចំណុចតារាងបាល់នំបញ្ចុករបស់ឈ្មោះ យឹម ប៊ុនលាង ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជនសង្ស័យក៏បានទម្លាក់ដាវចោលនៅទីនោះ។

កម្លាំងយាមល្បាត ដេញពីក្រោយ រហូតមកដល់ចំណុចមុខឡឥដ្ឋរបស់ឈ្មោះ ព្រាប កុយ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏ត្រូវកម្លាំងសមត្ថកិច្ចមួយក្រុមទៀត ស្ទាក់ចាប់បានរថយន្តនោះជាប់ ហើយក៏បាននាំជនសង្ស័យ និង រថយន្តខាងលើ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ ឆ្លើយសារភាពថា នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមខ្លួនបានមកឈប់រថយន្តខាងលើរៀបចំធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់បាន។

កន្លងមក ក្រុមខ្លួនធ្លាប់មកធ្វើសកម្មភាពក្នុងស្រុកមុខកំពូលតាមបណ្ដោយផ្លូវជាតិលេខ៦ ចំនួន ៣លើក បានសម្រេចចំនួន ១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះឈ្មោះ យ៉ុន សុផានិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥៖១០នាទីទៀបភ្លឺ ចំណុចភូមិក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ចំនួន ១គ្រឿង ក្រោយពីយកម៉ូតូបាន ក៏យកទៅលក់​នៅម្ដុំឃ្លាំង រំសេវរាជធានីភ្នំពេញ ក្នុងមួយគ្រឿងបានតម្លៃ ៦០០ដុលា្លរ ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ៕