អាជ្ញាធរ សម្រេចផ្អាកដំណើរការ «ឡានតាក់ស៊ីទាំងអស់ នៅក្រុងកំពង់ឆ្នាំង» ក្រោយរកឃើញអ្នកបើកបរ ឆ្លងកូវីដ១៩

109

កំពង់ឆ្នាំង៖«បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង ឆ្លងតាមរយៈអ្នកបើកបររថយន្តតាក់ស៊ី ពីកំពង់ឆ្នាំងទៅរាជធានីភ្នំពេញ ពីរាជធានីភ្នំពេញមកកំពង់ឆ្នាំង និង ទៅកន្លែងផ្សេងៗទៀត»

នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។

រដ្ឋបាលក្រុងកំពង់ឆ្នាំង បានជូនដំណឹងដល់បងប្អូនអ្នកប្រកបមុខរបរបើកបររថយន្តតាក់ស៊ី ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ទាំងអស់ មេត្តាជ្រាបដូចខាងក្រោម ៖

១-អ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទៅយកសំណាកនៅទីតាំងបេនឡាន ផ្សារលើ កំពង់ឆ្នាំង ចាប់ពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។

២-ប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ គឺ ត្រូវផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ី ក្នុងក្រុងកំពង់ឆ្នាំង ។

៣-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធធ្លាប់ជិះរថយន្តតាក់ស៊ី ជាមួយឈ្មោះ សោម ឡុង នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ និង ឈ្មោះ ញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវអញ្ជើញមកយកសំណាក តាមការអំពាវនាវនេះ កុំបីអាក់ខានឡើយ ។

៤-ករណីបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង នឹងត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ ៕