អាជ្ញាធរខណ្ឌច្បារអំពៅ ណែនាំចុងក្រោយ «អោយរុះរើផ្ទះបណ្តែតទឹក និង បែចិញ្ចឹមត្រីដោយខ្លួនឯង»

92

ភ្នំពេញ៖ដល់ថ្ងៃឱសាន្តវាទនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និង សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដោយទុករយៈពេល១សប្តាហ៍ គិតចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អោយអ្នករស់នៅលើផ្ទៃទឹកទន្លេ រុះរើ ឬ ចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និង សំណង់មិនរៀបរយរុះរើដោយខ្លួនឯង ដោយមកដល់ថ្ងៃនេះមានអ្នកខ្លះអនុវត្តតាម ហើយអ្នកទៀតមិនព្រមអនុវត្តតាម ឡើយ ។

បញ្ហានេះ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានធ្វើដំណើរតាមអូប័រចំនួន៤គ្រឿង ទៅណែនាំជាលើកចុងក្រោយអោយអ្នករស់នៅលើផ្ទៃទឹកទន្លេ ត្រូវរុះរើ ឬ ចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និង សំណង់មិនរៀបរយ ដោយខ្លួនឯង បើមិនអនុវត្តតាមទេ នោះ គណៈបញ្ជាការឯកភាព នឹងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ។

យុទ្ធនាការថ្ងៃចុងក្រោយដោយដាក់កំហិតអោយរុះរើចេញគ្មានការយោគយល់នេះ គឺ កម្លាំងចម្រុះបានអនុវត្តចាប់ពីសង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដោយអោយរុះរើ ឬ ចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ ចេញអោយអស់ បើមិនព្រមរុះរើដោយខ្លួនឯងទេ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរ នឹងចាត់វិធានការរដ្ឋបាលទ្រង់ទ្រាយធំ ដោយមិនអូសបន្លាយតទៅទៀតឡើយ ។

នៅចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មទាំងនេះ គឺ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ ។

ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ ផងដែរ ៕