សារពីជនរងគ្រោះម្នាក់ក្នុងចំណោមរាប់ពាន់នាក់ បញ្ជាក់អំពីមូលហេតុ «ហេតុអ្វីបានជា យកលុយទៅដាក់ក្រុមហ៊ុន GFX Investment ?»

384

សួស្តីបងប្អូនទាំងអស់គ្នា នាងខ្ញុំគឺជាជនរងគ្រោះមួយរូបក្នុងចំណោមជនរងគ្រោះរាប់ពាន់នាក់ដែលបានយកលុយទៅដាក់នៅក្រុមហ៊ុន GFX Investment បច្ចុប្បន្ននាងខ្ញុំរស់នៅខេត្តសៀមរាប ។

មូលហេតុដែលខ្ញុំយកលុយដែលជាកម្លាំងញើសឈាមរបស់ខ្ញុំផ្ទាល់ទៅដាក់នៅក្រុមហ៊ុន GFX Investment ដោយសារនាងខ្ញុំបានឮពីប្អូនថ្លៃខ្ញុំដែលធ្វើការក្នុងក្រុមហ៊ុននោះប្រាប់ពីអត្ថប្រយោជន៍នៃការបណ្តាក់ទុន និងផលចំណេញដែលក្រុមហ៊ុននឹងផ្តល់អោយអតិថិជន ។

ជាការពិតនាងខ្ញុំមិនចង់ដាក់ទេ ពីព្រោះខ្ញុំគិតថាវាដូចជាការដែល «យកត្រីអាំងទៅផ្ញើនឹងមាត់ឆ្មារអញ្ចឹងដែរ» តែអ្វីដែលធ្វើអោយនាងខ្ញុំប្តូរចិត្តយកលុយទៅវិនិយោគនៅក្នុងក្រុមហ៊ុននោះវិញគឺដោយសារនាងខ្ញុំបានឃើញអំពីការការសម្ភោធដ៏គគ្រឹកគគ្រេងដែលដឹកនាំដោយម្ចាស់ក្រុមហ៊ុននិងដៃគូរជំនួញ គឺ លី ហួរ គ្រុប និងការជឿជាក់ទៅលើម្ចាស់ក្រុមហ៊ុនផ្ទាល់ថា គាត់គឺជាអ្នកមានៗពួកគាត់នឹងមិនបោកប្រាស់លុយរបស់យើងទេ ។

ម្យ៉ាងទៀតគាត់មានសកម្មភាពសប្បុរសធម៌ជាច្រើននៅក្នុងសង្គម ។ ហេតុដូច្នេះហើយទើបធ្វើអោយខ្ញុំផ្លាស់ប្តូរគំនិតក្នុងការយកលុយទៅដាក់វិនិយោគនៅក្នុងក្រុមហ៊ុន GFX Investment មួយនេះ ។

ជាការពិតពេលដាក់ដំបូងៗពិតជាល្អគួរសម និយាយទៅគឺអាចជួយសម្រាលការចំណាយមួយផ្នែកតូចនៅក្នុងក្រុមគ្រួសារនាងខ្ញុំដែរ តែមួយរយៈក្រោយមកនេះ ក្រុមហ៊ុនហាក់មិនសូវគិតគូរពីការចំណេញរបស់អតិថិជនឡើយ អោយតែជិតដល់ពេលបើកប្រាក់ចំណេញគឺដឹងតែប្រាក់នោះចុះរហូតធ្វើអោយនាងខ្ញុំគិតចង់បពា្ឈប់កុងត្រាជាមួយក្រុមហ៊ុន ។

តែសំណាងអាក្រក់របស់នាងខ្ញុំគឺនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ខ្ញុំបានឃើញថាអាខោនដែលនាងខ្ញុំប្រើប្រាស់គឺបានបាត់ទឹកប្រាក់អស់ហើយ នាងខ្ញុំមានអារម្មណ៍យំលែងចេញ ហើយអ្វីៗគឺត្រូវចប់ បំណងប្រាថ្នាក៏រលាយបាត់ដូចអំបិលត្រូវទឹក ហេតុអីបានជាអញ្ចឹង? ។

បន្ទាប់មកនាងខ្ញុំក៏បានទាក់ទងទៅបុគ្គលិកក្នុងក្រុមហ៊ុនតែមិនមានការឆ្លើយតបណាមួយដែលធ្វើអោយនាងខ្ញុំមានសង្ឃឹមថានឹងបានលុយមកវិញទេ មានតែការទាមទារអោយនាងខ្ញុំចូលរួមប្តឹងទៅជនទីបីជាមួយក្រុមហ៊ុន តែនាងខ្ញុំមិនព្រមចូលរួមទេ ព្រោះខ្ញុំគ្មានហេតុផលណាដែលត្រូវចូលរួមប្តឹងជនទីបីជាមួយក្រុមហ៊ុនដែរ ដោយសារពេលដែលខ្ញុំយកលុយទៅដាក់គឺដាក់ជាមួយក្រុមហ៊ុនមិនមែនជនទីបីទេ ។

ដូច្នេះសូមក្រុមហ៊ុនមេត្តាជួយដោះស្រាយជូនពួកយើងផង ពួកយើងមិនមែនជាអ្នកមានស្តុកស្តម្ភអ្វីទេ លុយដែលពួកយើងយកទៅដាក់ទុនជាមួយក្រុមហ៊ុនគឺជាលុយសន្សំរាប់ឆ្នាំរបស់យើងខ្ញុំ ។ ពួកយើងខ្ញុំក៏មិនទាមទារអ្វីច្រើនដែរ សុំតែម្យ៉ាងគឺអោយក្រុមហ៊ុនសងប្រាក់ដើមមកយើងខ្ញុំវិញមក ។ នាងខ្ញុំសូមអង្វរ នេះជាលុយដែលនាងខ្ញុំទុកសម្រាប់ទំនុកបម្រុងក្នុងការសិក្សារបស់កូននាងខ្ញុំទេ កុំបំពានលើទំនុកចិត្តរបស់ពួកយើងអី ។ បងស្រី បងប្រុសជាម្ចាស់ក្រុមហ៊ុន ជាដៃគូរជំនួញ បងៗក៏មានកូនដូចនាងខ្ញុំដែរ ដូច្នេះសូមមេត្តាជួយសម្រួលក្នុងករណីនេះសំរាប់ពួកយើងដែលជាជនរងគ្រោះផង ។

ខ្លឹមសារទាំងនេះ គឺ សាររបស់ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះរាប់ពាន់នាក់ ដែលបានចាញ់បោកការវិនិយោគរបស់ក្រុមហ៊ុន GFX Investment ដែលបញ្ហានេះ បែរជាក្រុមហ៊ុន ស្នើអោយជនរងគ្រោះទាំងអស់ចូលរួមជាមួយក្រុមហ៊ុន ប្តឹង ជនទី៣ ទៅវិញ ។

ជនរងគ្រោះរាប់ពាន់នាក់ ហើយលុយដែលបាត់ នោះ ត្រូវបានជនរងគ្រោះ អះអាងថា មានប្រមាណជាង២៧លានដុល្លារអាមេរិក