មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ ឆ្មក់ឃាត់ឡានមួយគ្រឿង ដែលដឹកសត្វមាន់ជិត២ពាន់ក្បាល ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់

69

សៀមរាប៖កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានចាត់ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយមន្ត្រីជំនាញខេត្តសៀមរាប បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B-4942 ដែលដឹកសត្វមាន់ជម្រុះយកស៊ុត ចំនួន២២២តាកា ស្មើនឹងចំនួន១៩៩៨ក្បាល

តាមការបញ្ជាក់ពីមន្ត្រីជំនាញ បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ គឺ បានដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ នេះបើតាមការឆ្លើយបញ្ជាក់របស់អ្នកបើកបររថយន្តដឹកសត្វមាន់នេះ ។

ក្រុមការងារបានស្ទាក់ចាប់ឡានមួយគ្រឿងនេះ នៅចំណុចលើផ្លូវជាតិលេខ៦ ជិតផ្សារដំដែក ភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ បន្ទាប់មកក្រុមការងារ បានបញ្ជូនបទល្មើសនិងវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕