សមត្ថកិច្ចឃាត់ខ្លួន ឧកញ៉ា ប្រាក់ ប្រាកដ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ រឿងរត់ការផ្ទេរក្របខ័ណ្ឌពីកងទ័ពទៅស្នងការរងខេត្តព្រះសីហនុ តែបរាជ័យ

628

ភ្នំពេញ៖ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនដើម្បីសួរករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ រឿងរត់ការផ្ទេរក្របខ័ណ្ឌពីកងទ័ពទៅស្នងការរងខេត្តព្រះសីហនុ តែបរាជ័យ

ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានឃាត់ខ្លួននៅក្នុងហាងការហ្វេ និង ភោជនីយដ្ឋាន ធីមកាហ្វេ TEAM (TEAM Coffee and Restaurant ) តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។

យោងតាមបណ្តឹងរបស់ស្ត្រីឈ្មោះ ចាន់ ធូ បានរៀបរាប់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ ប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរឈ្មោះតួនាទីប្តីដែលមានឈ្មោះ អេង អូន ចេញពីក្របខ័ណ្ឌកងទ័ពទៅជាក្របខ័ណ្ឌនគរបាលជាតិ ដើម្បីធ្វើជាស្នងការរងខេត្តព្រះសីហនុ ដោយពេលនោះឈ្មោះ ប្រាក់ ប្រាកដ បានទាមទារលុយរត់ការចំនួន៣០ម៉ឺនដុល្លារ ។

ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានឡើងទៅភ្នំពេញ ដើម្បីទៅជួបទៅឈ្មោះ ប្រាក់ ប្រាកដ តាមការណាត់គ្នា ហើយជនរងគ្រោះបានដកលុយពីកុងធនាគារ ABA ចំនួន១០ម៉ឺនដុល្លារ ដោយពេលនោះ ឈ្មោះ ប្រាក់ វុទ្ធី ហៅ ទូច ដែលត្រូវជាកូនរបស់ឈ្មោះ ប្រាក់ ប្រាកដ ជាអ្នកដឹកជនរងគ្រោះទៅដកលុយនៅធនាគារ ដើម្បីយកមកប្រគល់អោយឈ្មោះ ប្រាក់ ប្រាកដ នៅហាងកាហ្វេ ប្រោន នៅភ្នំពេញ ។ ចំណែកលុយ២០ម៉ឺនដុល្លារ ទៀត ដែលត្រូវប្រគល់ជាលើកទី២ គឺ នៅពេលក្រោយ ដែលឈ្មោះ ប្រាក់ ប្រាកដ បានរត់ការផ្ទេរឈ្មោះតួនាទី ការងារប្តីរបស់ជនរងគ្រោះជោគជ័យចប់ជាស្ថាពរ ។

ជនរងគ្រោះ បន្តទៀតថា ក្រោយមកចាប់តាំងពីឈ្មោះ ប្រាក់ ប្រាកដ បានទទួលលុយសន្យាធានារត់ការផ្ទេរឈ្មោះតួនាទីការងារប្តី រួចមក ឃើញថា ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យាចំពោះជនងរងគ្រោះ ឡើយ គឺ ឈ្មោះ ប្រាក់ ប្រាកដ បានប្រើលេសពន្យាពេលមិនចេះចប់មិនចេះហើយ ហើយនៅពេលដែលជនរងគ្រោះដឹងថា ឈ្មោះ ប្រាក់ ប្រាកដ យកលុយហើយមិនធ្វើតាមការសន្យា គឺ ជនរងគ្រោះ បានទូរស័ព្ទទៅទារលុយមកវិញ ឈ្មោះ ប្រាក់ ប្រាកដ មិនលើកទូរស័ព្ទ មិនតប Telegram ហើយបានរត់គេចខ្លួនចេញពីផ្ទះរហូតមកទល់បច្ចុប្បន្ន នេះ ។

ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងសាកសួរ ឧកញ៉ា ប្រាក់ ប្រាកដ តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕