លោក អេង អូន ដែលរងបណ្តឹង ពីលោកឧកញ៉ា ប្រាក់ ប្រាកដ ឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ ត្រូវបានតុលាការអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ

242


ភ្នំពេញ៖លោក អេង អូន ដែលគេស្គាល់ថាជាមន្ត្រីយោធានៅមូលដ្ឋានជើងអាកាសកងកេង ខេត្តព្រះសីហនុ និង ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ដែលរងបណ្តឹងពីលោកឧកញ៉ា ប្រាក់ ប្រាកដ បទល្មើសឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ត្រូវបានតុលាការអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្តាញសង្គម Telegram នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ ថា «ករណីឈ្មោះ  អេង  អូន  គឺ ត្រូវបានតំណាងអយ្យការ ចេញបញ្ជាឲ្យចូលខ្លួនកាលពីថ្ងៃទី១៥  ខែកក្កដា  ឆ្នាំ២០២១  ពីបទសង្ស័យថា បានប្រព្រឹត្តបទឆបោក  និង រំលោភលើទំនុកចិត្ត  ។ ក្រោយមក ឈ្មោះខាងលើ បានចូលមកចំពោះមុខអយ្យការដោយឯកឯងដើម្បីស្តាប់ចម្លើយ »

លោក ប្លង់ សុផល បន្តថា បន្ទាប់ពីបានស្តាប់ចម្លើយចប់សព្វគ្រប់រួចរាល់ហើយ  តំណាអយ្យការបានចេញដីកា «បញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន»  ដោយយល់ឃើញថា ពុំមានលក្ខខណ្ឌចំបាច់អ្វីទៀតទេព្រោះជនសង្ស័យបានចូលខ្លួនរួចហើយ ។

អ្នកនាំពាក្យតុលាការ សូមបញ្ជាក់ជូនផងដែរថា  ដីកាបញ្ជាឲ្យចូលខ្លួនជាដីកាមួយដែលអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈបង្ខំជនដែលជាកម្មវត្ថុនៃដីកាឲ្យចូលមកបង្ហាញខ្លួនដើម្បីស្តាប់ចម្លើយ ។

សូមបញ្ជាក់ថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោក អេង អូន ក៏ត្រូវបាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀល ផងដែរ ដោយសារតែក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ នោះទេ  ៕