ACU ស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលពាក់ព័ន្ធនឹងអាងទឹកតាកែវ

104


តាកែវ៖អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការ ទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីពាក្យប្ដឹងអនាមិក នៃភាពមិនប្រក្រតីកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។

អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ក្រោយពីបានទទួលពាក្យបណ្ដឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណីជីកយកអាចម៍ដីលុបដីបំពេញ សាងសង់សំណង់រឹងមាំនិងការទិញលក់ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមក ក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្ដឹងបានលើកឡើងអាចជាទំនាស់ ឬ ជាកំហុសលើករណីផ្សេង ក្រៅពីសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដូចជា ៖

-ការជីកយកអាចម៍ដីពីផ្ទៃបាតបឹង

-ការចាក់ដីលុបផ្ទៃអាងទឹក

-ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក

-ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹក ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផង ។

ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសថា នឹងបន្តតាមដានករណីនេះ និង មានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀតតាមសភាពការណ៍វិវត្ត ជាក់ស្ដែង