បុរសម្នាក់ដើរលេងស្រវឺងស្រាជោកជាំ មកដល់ផ្ទះប្រើអំពើហិង្សាលើប្រពន្ធ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !

36

កណ្តាល៖បុរសជាស្វាមី របស់ស្ត្រីម្នាក់ដើរលេងស្រវឹកស្រាជាប្រចាំ រករឿងប្រពន្ធ វាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រពន្ធ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទីរសៀល នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ប៊ុន បូរី ស្ថិតក្នុងភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល ។

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ប៊ុន បូរី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ហើយជនសង្ស័យជាប្តី ឈ្មោះ ចំរើន ឆូយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល ។

ដើមហេតុនៃអំពើហិង្សានេះ គឺ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទីរសៀល ជនសង្ស័យឈ្មោះ ចំរើន ឆូយ ជាប្ដី ដើរលេងស្រវឹងស្រាជោកជាំពេលមកដល់ផ្ទះ យកឆ្នាំង ចានបាយ បោះចោលលើដី និងយកដបទឹកត្រី គប់មកលើជនរងគ្រោះតែមិនបណ្តាលអោយរងរបួសនោះទេ ។

បន្ទាប់មក ជនសង្ស័យចុះមកក្រោមវិញ ហើយយកឈើទុលម៉ូតូមកវាយបំផ្លិចបំផ្លាញម៉ូតូខ្ទេចផ្នែកខាងមុខ និងបោកកំទេចឆ្នាំងបាយ ហើយជនរងគ្រោះបានតេទូរស័ព្ទមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសណ្តារភ្លាមៗតែម្តង ។

ក្រោយពីទទួលព័ត៌មានបណ្ដឹងភ្លាម  កម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារ ចុះដល់កន្លែងកើតហេតុហើយក៏បានឃាត់ខ្លួន និងនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់ ៕