ម្ចាស់ដីស្របច្បាប់ ចោទ​​ប្រកាន់ មន្ត្រីយោធាម្នាក់ ថា បាននាំគ្នីគ្នាជាច្រើននាក់ ប្រដាប់ដោយពូថៅ ដែកគាស់ និង កាំបិត រុះរើផ្ទះសម្បែង

199

សៀមរាប៖លោក ផន សុភាព ដែលអះអាងថា ជាម្ចាស់ដីនិងផ្ទះស្របច្បាប់ស្ថិតនៅភូមិអភិវឌ្ឈន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានចោទប្រកាន់ លោក កែវ សុធា ជាមន្ត្រីយោធានៅកងពលលេខ២ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា បាននាំគ្នីគ្នាជាច្រើននាក់ ជិះឡានពណ៌ត្រេអ៊ី ផ្លាកលេខខេមរភូមិន្ទ  ប្រដាប់ដោយពូថៅ ដែកគាស់ និង កាំបិត រុះរើផ្ទះសម្បែង របស់ខ្លួន ។

ករណីនេះ លោក ផន សុភាព បានប្តឹង លោក កែវ សុធា និង បក្ខពួកជាច្រើននាក់ ទៅតុលាការខេត្តសៀមរាប តែត្រូវបានតុលាការសម្រេចចេញដីកា «តម្កល់រឿងទុកឥតចាត់ការ» ។ ការសម្រេចបែបនេះ ធ្វើអោយលោក ផន សុភាព បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេច នេះ ។

លោក ផន សុភាព ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ថា លោកបានទិញដីនិងផ្ទះ នេះ ពី លោក កែវ សុធា តាំងពីឆ្នាំ២០១៥ ក្នុងតម្លៃ៣៧.០០០ដុល្លារ ដោយមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ និង បានប្រគល់លុយគ្រប់ចំនួន ផងដែរ ។

ប៉ុន្តែ ស្រាប់តែថ្មីៗនេះ លោក កែវ សុធា និង គ្នីគ្នាជាច្រើននាក់ បាននាំគ្នាធ្វើសកម្មភាព រុះរើផ្ទះក្នុងរូបភាពហិង្សា បើទោះបីជាលោក ផន សុភាព ប្តឹងសមត្ថកិច្ចនិងអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីទប់ស្កាត់ ក៏លោក កែវ សុធា មិនព្រមស្តាប់ដែរ ។

មកទល់ពេលនេះ លោក កែវ សុធា បានរុះរើផ្ទះរបស់ខ្លួន និង ហ៊ានលើកផ្លាកលក់ដីនេះ ថែមទៀតផង ដោយសំអាង ថា លោក ផន សុភាព មិនទាន់ប្រគល់លុយអោយគ្រប់ចំនួន ។ ត្រង់ចំណុចនេះ លោក ផន សុភាព អះអាងថា លោកបានប្រគល់លុយគ្រប់ចំនួនហើយ ទើប លោក កែវ សុធា បានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ដឹងឮត្រឹមត្រូវ ។

លោក ផន សុភាព បានសំណូរពរអោយសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនលោកផង ។

ជុំវិញការចោទប្រកាន់នេះ CPC NEWS មិនទាន់អាចសុំការបញ្ជាក់ពីលោក កែវ សុធា បានទេ ដោយ លោក ផន សុភាព ថ្លែងថា លោក កែវ សុធា បានប្តូរលេខទូរស័ព្ទរហូតដោយមិនអាចទាក់ទងបានឡើយ ។

CPC NEWS រង់ចាំការបកស្រាយពីលោក កែវ សុធា និង គ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលាចំពោះបញ្ហានេះ ៕