ប្រធានមន្ទីរពេទ្យបង្អែកមង្គលបូរី អាចអស់តួនាទី ដែរឬទេ ? ក្រោយលោកអភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មខ្លាំងៗ

214

បន្ទាយមានជ័យ៖លោក ច័ន្ទ វុឌ្ឈីណាវុធ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី អាចអស់តួនាទី ដែរឬទេ ? ក្រោយពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មខ្លាំងៗ តាមបណ្តាញសង្គម Facebook ពាក់ព័ន្ធរឿងមិនគិតពីក្រមសីលធម៌គ្រូពេទ្យ ជាអ្នកជួយសង្គ្រោះអ្នកជំងឺ

កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងតាមបណ្តាញសង្គម យ៉ាងដូច្នេះ ថា «ថ្ងៃនេះម៉ោង១០និង០៥នាទីយប់ ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យ ប្រាប់ថា ជាគោលការណ៍ ត្រូវរកអ្នកអោយឈាមជំនួស និង បង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ»

លោកអភិបាលខេត្តបន្ទាយមានជ័យ ចោទជាសំណួរថា «តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និង មិនចេះចាត់ចែងការងារ ហើយមិនមែនលើកទី១ ទេ គឺ ច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំ លើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ច័ន្ទ វុឌ្ឍីណាវុធ ជាប្រធាន»

តាមមតិរបស់អ្នកលេង Facebook ជាច្រើន ក៏បានបង្ហាញការរិះគន់លើមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ផងដែរ ចំពោះសេវាកម្មមិនគោរពនូវក្រមសីលធម៌ជាគ្រូពេទ្យ ។

ពេលនេះ មជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលថា «តើប្រធានមន្ទីរពេទ្យបង្អែកមង្គលបូរី អាចអស់តួនាទី ដែរឬទេ ? ក្រោយពីលោកអភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មខ្លាំងៗបែបនេះ?»