សូមប្រុងប្រយ័ត្ន ! កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈនៅរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង

63

ភ្នំពេញ៖ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយផ្ទៃមេឃមានភាពអួរអាប់ ក្នុងនោះមានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងខេត្តស្វាយរៀង ខណៈនៅរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។

នេះបើយោងតាមការជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

ដោយឡែកនៅតាមតំបន់មាត់សមុទ្រ ឯនោះ វិញ ផ្ទែមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនឹងនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំពត ក៏អាចមានជំនន់ទឹកភ្លៀងផងដែរ ។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹក បញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង, ប្រព័ន្ធទាប ITCZ ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា, ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ, ខ្យល់សមុទ្រ, វិសម្ពាធពីរ មួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន នឹងមានដំណើរឆ្ពោះទៅវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ស្ថិតនៅក្នុងសមុទ្រភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជានោះទេ ។

ជាមួយគ្នានេះ ដែរ ក្រសួងធនធានទឹក និងឧតុនិយម សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតមានឡើងជាយថាហេតុ ផងដែរ ៕