ក្រុមប្រឆាំងនៅភូមាបន្តជម្រុញឲ្យពលរដ្ឋ ងើបបះបោរប្រឆាំងនឹងរបបយោធា

16

ណៃពិដោរ៖រដ្ឋាភិបាលស្រមោលដែលបង្កើតឡើងដោយ ក្រុមអ្នកប្រឆំាងនឹងការដឹកនាំរបស់យោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានចលនាបះបោរមួយ ដើម្បីប្រឆាំងនឹងរបបយោធាបន្តទៀត តាមរយៈការដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ ក្នុងនោះរួមមានទាំងការកៀរគរកងកម្លាំងប្រដាប់អាវុធ, កងទ័ពជនជាតិដើមភាគតិច និងជំរុញឱ្យមន្ត្រីមីយ៉ាន់ម៉ាឈប់ទៅធ្វើការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២១។

លោក ឌូវ៉ា ឡាស៊ី ឡា (Duwa Lashi La) ដែលជាប្រធានាធិបតីស្ដីទីនៃរដ្ឋាភិបាលស្រមោល ដែលហៅកាត់ថា NUG បាននិយាយនៅក្នុងសុន្ទរកថាមួយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលស្រមោលរបស់លោក បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាពអាសន្ន ហើយអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ា មកពីគ្រប់ទិសទីទាំងអស់ចូលរួមក្នុងចលនាបះបោរ ប្រឆាំងនឹងរបបយោធា ដឹកនាំដោយលោក មីង អោង ហ្លេង ដែល Duwa ផ្ទាល់ហៅជា «ក្រុមភេរវករ»។ បន្ថែមពីលើនេះ ក៏បានជំរុញឱ្យកងកម្លាំងជនជាតិដើមភាគតិចនៅតាមតំបន់
ព្រំដែនបើកការវាយប្រហារលើយោធាមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលប្រកាសចាត់ទុករដ្ឋាភិបាលស្រមោលជា «ក្រុមភេរវករ» ដូចគ្នាដែរនោះ មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ។ លោក មីន អោង ហ្លេង ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្នមីយ៉ាន់ម៉ាបានសន្យាថា នឹងរៀបចំការបោះឆ្នោតថ្មីមួយនៅឆ្នាំ២០២៣។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ (UN) និងសហរដ្ឋអាមេរិក រួមទាំងប្រទេសធំៗជាច្រើនទៀត ជាពិសេសនៅអឺរ៉ុប បានប្រកាសមិនទទួលស្គាល់ការដឹកនាំរបស់លោក មីន អោង ហ្លេង នោះឡើយ ខណៈទណ្ឌកម្មជាច្រើនត្រូវបានដាក់ជាបន្តបន្ទាប់៕