ឥណ្ឌាអាចនឹងជួបរលកឆ្លងដ៏អាក្រក់ម្តងទៀត ក្រោយពិធីបុណ្យធំៗជិតមកដល់

26
Relatives mourn the death of their loved one who died due to the Covid-19 coronavirus, outside a Mortuary in Chennai on May 5, 2021. (Photo by Arun SANKAR / AFP) (Photo by ARUN SANKAR/AFP via Getty Images)

ញូវដេលី៖ក្រោយឆ្លងកាត់មេរៀននៃរលកឆ្លងរាតត្បាតដ៏អាក្រក់បំផុត នៃជំងឺ COVID-19 នាពេលនេះឥណ្ឌាកំពុងត្រៀមលក្ខណៈគ្រប់បែបយ៉ាង សម្រាប់លទ្ធភាពនៃការផ្ទុះឡើងនូវរលកឆ្លងរាតត្បាតថ្មីទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើង នៃករណីឆ្លងក្នុងរលកថ្មីទី ៣ កំលុងរដូវបុណ្យទានចាប់ពីខែកញ្ញានេះ រហូតដល់ថ្ងៃវិច្ឆិកាខាងមុខ។ យ៉ាងណាក្តី មន្ទីរពេទ្យនានាក្នុងប្រទេសឥណ្ឌា បានរៀននូវបទពិសោធន៍ជូរចត់ កំលុងរលកឆ្លងរាតត្បាតទី ២ ដែលបានកើតឡើងកាលពីខែមេសា-ឧសភា កន្លងទៅ។

ប៉ុន្មានខែចុងក្រោយនេះ បណ្តាមន្ទីរពេទ្យឥណ្ឌាបានប្រឹងប្រែងបន្ថែមចំនួនគ្រែអ្នកជំងឺ ហើយបង្កើនធនធានឧស្ម័នអុកស៉ីសែន ដែលសុទ្ធតែជាបញ្ហាធ្លាប់ជួបប្រទះ កាលពីពេលកន្លងមក។ ចំណែកថ្នាំសម្រាប់ជួយប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដូចជា រ៉េមដេស៊ីវា (Remdesivir) ក៏កំពុងត្រូវបង្កើនការស្តុកទុកផងដែរ។

ទោះជាយ៉ាងណា ដោយសម្អាងលើការស្ទាបស្ទង់របស់រដ្ឋាភិបាលឥណ្ឌា ដែលប៉ាន់ស្មានថាជិត ៧០% នៃប្រជាជនឥណ្ឌា គឺមានអង់ទីករប្រយុទ្ធប្រឆាំង COVID-19 រួចស្រេច ដែលកើតមានតាមរយៈការឆ្លង ហើយ ៥៧ភាគរយនៃប្រជាជនពេញវ័យ ទទួលបានការចាក់វ៉ាក់សាំង យ៉ាងហោច ១ដូសនោះ ក្រុមអ្នកជំនាញសុខាភិបាលឥណ្ឌាជឿថា រលកឆ្លងរាតត្បាតលើកទី ៣ ឬក្រោយៗទៀត គឺទំនងជានឹងមិនអាក្រក់ខ្លាំង ដូចរលកឆ្លងរាតត្បាតលើកទី ២ នោះឡើយ។

គួរបញ្ជាក់ថា ឥណ្ឌាស្ថិតនៅលេខរៀងទី ២ នៃប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេលើលោក បន្ទាប់ពីសហរដ្ឋអាមេរិក គឺចំនួន ៣៣.‌១លាននាក់ ក្នុងនោះមានអ្នកស្លាប់ ៤៤១,០៤២នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ឥណ្ឌាសម្រេចបានជិត ៧០០លានដូស ដោយក្នុងនោះប្រជាជន ១៦១លាននាក់ ឬស្មើនឹង ១១.៨% នៃចំនួនប្រជាជនសរុបបានទទួលការចាក់គ្រប់ដូស៕