ប៉ូលិសខណ្ឌ៧មករា​ ដែលយកអាយឌី វាយនារីម្នាក់រងរបួសធ្ងន់ ត្រូវបានឃាត់ខ្លួន

340

ភ្នំពេញ៖លោក ម៉ាត់ ពិសី មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួនហើយ ក្រោយបានយកអាយឌី វាយនារីម្នាក់រងរបួសធ្ងន់ ហើយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លា ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ​ គឺ ៖

១.​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកើតហេតុ​រួច​ ។

២.​ បើស្រាវជ្រាវហើយឃើញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​ ។

៣.​ ចំពោះអ្នកបើកបរល្មើសច្បាប់​ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអនុវត្តច្បាប់ចរាចរណ៍នោះ មានម៉ូតូមួយគ្រឿងបានល្មើសច្បាប់ចរាចរណ៍ ហើយបានបើកបញ្ច្រាសមកវិញ ដើម្បីរត់គេចខ្លួន ក៏ត្រូវបានលោក ម៉ាត់ ពិសី មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា យក អាយឌី វាយចំនារីម្នាក់អង្គុយពីក្រោយ បណ្តាលអោយដួល និង បែកក្បាលយ៉ាងធ្ងន់ធ្ងរ ។

តាមរយៈឃ្លីបវីដេអូ ដែលថតបាន នោះ ធ្វើអោយមហាជនមានការរិះគន់យ៉ាងខ្លាងក្លា ទៅលើមន្ត្រីអនុវត្តច្បាប់រូបនេះ ។

មាត្រា៦១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា «ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ផ្លូវគោកត្រូវអនុវត្តដោយជៀសវាងការធ្វើអោយស្ទះចរាចរណ៍ ឬ ការបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍» ៕ ​