ហ្វីលីពីនរកឃើញបេក្ខជនដំបូងគេ ដែលឈរឈ្មោះធ្វើជាប្រធានាធិបតី

33
Senator Panfilo Lacson gabe his privilege speech at the senate hitting PhilHealth’s anomaloes. July 29, 2019. Photo by Angie de Silva/Rappler

ម៉ានីល៖សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ផានហ្វីឡូ ឡាក់សូន (Panfilo Lacson) នៅថ្ងៃពុធនេះ បានក្លាយជាបេក្ខជនដំបូងគេ ដែលប្រកាសថា នឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

លោក Lacson វ័យ៧៣ឆ្នាំ ក៏ជាអតីតអគ្គស្នងការប៉ូលិសជាតិហ្វីលីពីនផងដែរ។ ក្នុងពេលដំណាលគ្នា ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក វីសិនតេ សូតតូ (Vicente Sotto) ដែលជាអតីតតារាភាពយន្ត តន្រ្តីករ និងតំណាងរាស្រ្ត៤អាណត្តិនោះ បានប្រកាសថា នឹងធ្វើជាបេក្ខជនអនុប្រធានាធីបតីរបស់លោក Lacson។

លោក Lacson ក៏ធ្លាប់បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០០៤ ផងដែរ ប៉ុន្តែមិនទទួល បានជោគជ័យ។ សមាជិកព្រឹទ្ធសភាហ្វីលីពីនរូបនេះ ត្រូវគេស្គាល់ច្បាស់ ដោយសារ គោលជំហររឹងមាំរបស់លោកប្រឆាំងបទឧក្រិដ្ឋ ព្រមទាំងការរួមចំណែកជួយបង្កើត ច្បាប់ប្រឆាំងអំពើភេរវកម្មចម្រូងចម្រាស់មួយ។

គួរបញ្ជាក់ថា សម្រាប់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ វ័យ៧៦ឆ្នាំ ដែលជាប្រធានាធិបតីបច្ចុប្បន្ន គឺត្រូវរដ្ឋធម្មនុញ្ញាហាមឃាត់មិនឲ្យអាចឈរឈ្មោះ សម្រាប់អាណត្តិទី២បានឡើយ។ អាណត្តិប្រធានាធិបតីហ្វីលីពីន គឺអាចកាន់បានត្រឹមមួយលើកគត់ តែមានរយៈពេល៦ឆ្នាំ។ យ៉ាងណាក្តី លោក ឌូតឺតេ ត្រូវគេរំពឹងថា នឹងត្រូវបក្សកាន់អំណាច PDP-Laban ប្រកាសជ្រើសតាំងជាផ្លូវការ ឲ្យធ្វើជាបេក្ខជនអនុប្រធានាធិបតីរបស់ខ្លួន សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ។ ទង្វើនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាមធ្យោបាយមួយសម្រាប់ឲ្យលោក ឌូតឺតេ អាចនៅបន្តគ្រប់គ្រងអំណាចពីក្រោយឆាក៕