អ្នកវិនិយោគជនជាតិចិន ប្រកាសជំហរប្ដឹង លោកឧកញ៉ាផ្កាយ៣ ស៊ុន ហួរ ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យជួយរកយុត្តិធម៌

874


ភ្នំពេញ៖អ្នកវិនិយោគជនជាតិចិនម្នាក់ គឺ លោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បែលយូ លី ស៊ីន ថេកណូឡូជី (TW LI XING TECHNOLOGY CO.,LTD) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ ប្រកាសជំហរ ប្តឹងលោកឧកញ៉ាផ្កាយ៣ ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពីបទ «រំលោភលើទំនុកចិត្តនិងឆបោកប្រាក់រាប់ម៉ឺនដុល្លារ» ពាក់ព័ន្ធការទិញដីមួយកន្លែងនៅក្រុងព្រះសីហនុ តែមិនមានដីប្រគល់ជូនលោក ជី កានយូ តាមការសន្យា ហើយគេចវេសរហូត។

ជាមួយគ្នានេះ លោក ជី កានយូ ក៏បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ទៅលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីឲ្យជួយរកយុត្តិធម៌ជូនរូបលោក ផងដែរ ។

ទន្ទឹមនេះ លោក សួគ៌ា លឹមដារា ដែលជាមេធាវីតំណាងដោយអាណត្តិឲ្យលោក ជី កានយូ បានធ្វើលិខិតបដិសេធនិងបំភ្លឺមួយច្បាប់ផងដែរ ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានមួយ ដែលបានផ្សាយថា លោក ជី កានយូ បានធ្វើលិខិតសុំអភ័យទោសទៅកាន់លោកឧកញ៉ាផ្កាយ៣ ស៊ុន ហួរ ។

ក្នុងលិខិតបដិសេធនេះ លោក ជី កានយូ នៅតែអះអាងថា លោក ឧកញ៉ាផ្កាយ៣ ស៊ុន ហួរ បានរំលោភលើទំនុកចិត្តនិងឆបោកប្រាក់របស់លោក ហើយលោកមានការយោគយល់អធ្យាស្រ័យ ព្រមទាំងពន្យារពេលជូនលោកឧកញ៉ាផ្កាយ៣ ស៊ុន ហួរ អស់រយៈពេល៣ឆ្នាំមកហើយ ។

យោងតាមពាក្យស្នើសុំអន្តរាគមន៍ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែល CPC NEWS ទើបទទួលបាន គឺ លោក ជី កានយូ បានថ្លែងថា «ខ្ញុំបានជាជនបរទេស មិនមានការយល់ដឹងអំពីបញ្ហាតថភាពច្បាប់ក៏ដូចជាចរិតលក្ខណៈនៃការរស់នៅនិងការធ្វើការដូចពលរដ្ឋក្នុងប្រទេសនោះឡើយ ។ ដោយរំពឹងជឿជាក់លើប្រព័ន្ធច្បាប់និងអ្នកអនុវត្តច្បាប់ក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា ថា អ្នកអនុវត្តច្បាប់និងមន្ត្រីដែលបម្រើការងារក្នុងស្ថាប័ននានានិងមានភាពស្មោះត្រង់មិនរំលោភបំពានសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឡើយ»

ហេតុដូច្នេះហើយលោក ជី កានយូ មានជំនឿជឿជាក់ខ្ពស់លើពលរដ្ឋនិងមន្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា តែជាលទ្ធផលនិងជាអកុសលសម្រាប់លោក ជី កានយូ បែរជាទទួលរងការ បាត់បង់ផលប្រយោជន៍ជាច្រើនយ៉ាងធ្ងន់ធ្ងរដោយសារជឿជាក់ខ្ពស់លើមន្ត្រីនៃក្រសួងមហាផ្ទៃមួយរូបគឺ លោកឧកញ៉ាផ្កាយ៣ ស៊ុន ហួរ នេះទៅវិញ ហើយតុលាការវិញទៀតសោត ក៏មិនបានផ្តល់នូវភាពយុត្តិធម៌ដល់លោក ជី កានយូ ដែរ។

លោក ជី កានយូ សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះលោកដែលជាជនបរទេសមានគោលបំណងចូលមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមចំណែកបង្កើនការងារដល់ប្រជាជនក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន ក៏ប៉ុន្តែ បំណងនិងឆន្ទៈដែលលោក ជី កានយូ បានរំពឹងទុក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ត្រូវបានរលាយហើយ លោក ជី កានយូ បានរងការខូចខាតបាត់បង់ផលប្រយោជន៍ជាច្រើន ដោយបុគ្គលមួយរូប គឺ លោកឧកញ៉ាផ្កាយ៣ ស៊ុន ហួរ ទៅវិញ ។

លោក ជី កានយូ ក្នុងនាមជាជនបរទេសមួយរូបដែលកំពុងរងគ្រោះ សង្ឃឹមយ៉ាងមុតមាំលើប្រាជ្ញាដឹកនាំដ៏ឈ្លាសវៃរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថា លោករដ្ឋមន្ត្រី នឹងពិនិត្យព្រមទាំងផ្តល់នូវភាពយុត្តិធម៌តាម ការពិតជាក់ស្ដែងចូលមកឲ្យលោក ជី កានយូ ដែលជាជនបរទេសតាមការស្នើសុំដូចក្នុងកម្មវត្ថុខាងលើ ។

សូមបញ្ជាក់ថា កាលដែលលោក ជី កានយូ ដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាពេលនេះ គឺ ក្រោយពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ខែសីហា ឆ្នាំ២០២១ បានចេញដីកាតម្កល់រឿងទុកឥតចាត់ការ ។

លោក ជី កានយូ បានស្នើសុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាពិនិត្យនិងសម្រេចធ្វើការអន្តរាគមន៍ដល់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ធ្វើអធិបញ្ជាទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើពាក្យបណ្តឹងឧទ្ធរណ៍ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ផង ។

ជាមួយគ្នានេះ ថ្មីៗនេះ លោក ទេព វីរៈ តំណាងលោកឧកញ៉ាផ្កាយ៣ ស៊ុន ហួរ ក៏បានផ្ញើលិខិតបំភ្លឺមកអង្គភាពសារព័ត៌មាន CPC NEWS ផងដែរ ៕