ពលរដ្ឋវៀតណាមជាច្រើននាក់ លួចទៅពួនក្នុងរថយន្តដឹកទឹកកក គេចពីតំបន់ផ្ទុះកូវីដ

48

ហាណូយ៖អាជ្ញាធរវៀតណាមបានឃាត់រថយន្តទូរទឹកកកមួយគ្រឿង ដែលបានបន្លំដឹក​ មនុស្ស​ចំនួន​១៥នាក់ ក្នុងនោះមាន​ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ផង។ រថយន្តបានធ្វើដំណើរ រាប់សិបគីឡូម៉ែត្រ ចេញពីខេត្តដុងណៃ ស្ថិតនៅភាគខាងត្បូងវៀតណាម មុននឹង​ត្រូវបានស​មត្ថកិច្ចឃាត់បាន។

អ្នកដំណើរម្នាក់ បាន​ឆ្លើយ​ប្រាប់បណ្តាញ​ព័ត៌មាន​វៀតណាម VNA ថា ខ្លួន​ដឹងថា ការធ្វើដំណើរក្នុងរថយន្តទូរទឹកកកបិទជិតបែបនេះ​ គឺវាប្រឈមគ្រោះថ្នាក់ខ្លាំង។ ក៏ប៉ុន្តែ បើបន្តរស់នៅក្នុងខេត្តដុងណៃ​ ក៏ពួកគេប្រឈមគ្រោះថ្នាក់ នឹងការឆ្លងជម្ងឺកូវីដ​ដែរ។

គួរកត់សំគាល់ថា ដំណឹងនៃការឃាត់ខ្លួនជនជាតិវៀតណាម បន្លំខ្លួន​ធ្វើដំណើរតាមរថយន្តទូរទឹកកកនេះ គឺបានធ្វើ​ឲ្យ​គេនឹងឃើញទៅដល់​ករណីសោកនាដកម្មមួយ ដែលបាន​កើតឡើង​កាលពី​ខែតុលា ឆ្នាំ​២០១៩។​ អាជ្ញាធរអង់គ្លេសបានប្រទះឃើញ​សាកសពជនជាតិវៀតណាម​ ចំនួន​៣៩ នៅក្នុងរថយន្ត​ទូរទឹកកកមួយ។

គួររំលឹកថា កាលពីឆ្នាំ​២០២០ រដ្ឋាភិបាល​ប្រទេស​វៀតណាម ធ្លាប់បាន​អបអរសាទរខ្លួនឯង ថាបានគ្រប់គ្រងការឆ្លងរាលដាលកូវីដ​ បាន​យ៉ាងមានប្រសិទ្ធភាព។ ក៏ប៉ុន្តែប្រមាណ​២​ខែមកនេះ ស្ថានភាព​ឆ្លងរាលដាល​កូវីដ​ នៅភាគខាងត្បូងប្រទេសវៀតណាម​ មានភាពធ្ងន់ធ្ងរជាខ្លាំង។​ គិតត្រឹម​ពីចុងខែកក្កដាមក វៀតណាម មានអ្នកជំងឺកូវីដ​១៩ ស្លាប់ចំនួន​ប្រមាណ​១៥០០០នាក់ ។

ទីក្រុងហូជីមិញ បេះដូងសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបិទខ្ទប់ទាំងស្រុង តាំងតែពីដើមខែកក្កដាមកម្លេះ​ ជាមួយ​នឹងបំរាមហាមឃាត់ យ៉ាងតឹងតែងបំផុត។ រដ្ឋាភិបាលបាន​បញ្ជូនទាហានជាច្រើនពាន់នាក់ ដើម្បីតាមដានការគោរពវិធានការសុខាភិបាល។ កាលពីថ្ងៃ​ទី​៧ កញ្ញាថ្មីៗនេះ បុរសជនជាតិវៀតណាម​អាយុ២៨ឆ្នាំម្នាក់ ត្រូវបាន​តុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ដោយសារជននេះ មិនគោរពវិធានការសុខាភិបាល​ ហើយ​បានបណ្តាល​ឲ្យ​ឆ្លងរាលដាលកូវីដ រហូតមានស្លាប់​មនុស្ស​ម្នាក់ផង។

ខណៈដែលការឆ្លងរាលដាល​ និងករណីស្លាប់មានកាន់តែច្រើន យុទ្ធនាការចាក់វ៉ាក់សាំងឯណោះវិញ បានដំណើរការទៅយ៉ាងយឺតបំផុត នៅវៀតណាម។ រហូតមកទល់ពេលនេះ មានប្រជាជនប្រមាណ​តែ​៥%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងរួចរាល់។ ដោយ​បានជំនួយ​វ៉ាក់សាំងពីចិន ពីអាមេរិក និងបានចុះកិច្ចសន្យាជាមួយ​​មន្ទីរពិសោធន៍​ផលិតវ៉ាក់សាំងផង រដ្ឋាភិបាលវៀតណាម បាន​ប្តេជ្ញាថា​នឹងចាក់វ៉ាក់សាំងឲ្យ​បាន​៧០% ពីនេះដល់ខែមេសាឆ្នាំ​២០២២៕