រុស្ស៊ីកោះហៅទូតអាមេរិកមកសួរ រឿងក្រុងវ៉ាស៊ីនតោនចង់ជ្រៀតជ្រែកការបោះឆ្នោតសភានៅម៉ូស្គូ

37

ម៉ូស្គូ៖ក្រសួងការបរទេសរុស្ស៉ីបានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី លោក ចន សាល់លីវែន (John Sullivan) ឱ្យមកជួបពិភាក្សាគ្នា ទាក់ទងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ចូលទៅក្នុងការបោះឆ្នោតសភារុស្ស៉ីនាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងការបរទេសរុស្ស៉ីបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក John Sullivan ត្រូវបានកោះហៅឱ្យមកជួបពិភាក្សា ជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក ស៉ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov)។ កំលុងនៃកិច្ចប្រជុំនេះ ភាគីរុស្ស៉ីបាននិយាយថា ខ្លួនមានភស្តុតាងដែលមិនអាចប្រកែកបានថា ក្រុមហ៊ុនឌីជីថលយក្សរបស់សហរដ្ឋអាមេរិក បានរំលោភលើច្បាប់រុស្ស៉ី ទាក់ទងនឹងការរៀបចំសម្រាប់ការបោះឆ្នោតសភាជាន់ទាបរុស្ស៉ី។

ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់បន្ថែមទៀតថា ខ្លួនមិនអាចអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសណាមួយ ចូលទៅកាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួននោះឡើយ។ ជុំវិញការចោទប្រកាន់ពីសំណាក់ទីក្រុងម៉ូស្គូបែបនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ៕