អ្នកច្បាប់ខ្មែរ៦រូប ឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law

93

ភ្នំពេញ៖នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សានៅទីនោះអស់រយៈពេល៣ឆ្នាំ ។ នៅសល់ការការពារលើកទី២ មួយវគ្គទៀតតែប៉ុណ្ណោះក្នុងពេលឆាប់ៗខាងមុខនេះ នឹងឈានទៅការបញ្ចប់ជាស្ថាពរ។

កម្មវិធីនេះ កើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលកម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើសនិងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិតនិងអនុបណ្ឌិតមាន១៦រូប និងវគ្គជំនាញខ្លីៗមាន៤០រូប ៕