លោក ជិន ម៉ាលីន ៖ ការវិភាគមិនផ្អែកលើវិជ្ជាជីវៈ ប៉ះពាល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងបង្កចលាចលសន្តិសុខសង្គម ការអនុវត្តច្បាប់មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ

29

ភ្នំពេញ៖លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា «ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់និងរំលោភបំពានលើសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូរអ្នកដ៏ទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ ហើយការវិភាគដែលបំពានច្បាប់ទាំងនេះក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈតាមផ្លូវច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ»

នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

លោក ជិន ម៉ាលីន លើកឡើង ៤ចំណុច ជាការឆ្លើយតបនឹងអង្គការសង្គមស៊ីវីលមួយចំនួនដែលចោទប្រកាន់ថា រដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ ដូចខាងក្រោមនេះ ៖
១. ការវិភាគដែលចាត់ទុកថាជាសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ បានន័យថាជាការវិវាគតាមបែបវិទ្យាសាស្រ្ត មានមូលដ្ឋាននិងវិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពទ្រឹស្តី គោលការណ៍ទូទៅ កិច្ចសម្ភាសន៍ និងការអនុវត្តជាក់ស្តែងជាដើម ។

២. ការវិភាគមួយចំនួននៅកម្ពុជា ដែលក្រុមរបស់គេបញ្ជោរ និងលើកជើងថា ជាអ្នកវិភាគឯករាជ្យនោះ ដោយសារតែបានរិះគន់រដ្ឋាភិបាល គឺមិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈនិងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ តែជាការវិភាគតាមអារម្មណ៍ ដែលរួមមានការស្រឡាញ់ ការស្អប់ និងគុំនុំគុំគួន រួមជាមួយនិងនិន្នាការនយោបាយផងដែរ ជាដើម ។

៣. កុំធ្វើជាអ្នកវិភាគជោរតាមអ្នកសម្ភាសន៍ និងវិទ្យុបរទេសមួយចំនួនដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល និងផលប្រយោជន៍ជាតិ ព្រោះថាអ្វីដែលគេចង់បានគឺ ទស្សនៈរបស់អ្នកវិភាគដែលត្រូវនឹងគោលដៅរបស់គេ ដើម្បីយកទៅអត្ថាធិប្បាយ បកស្រាយញ្ចេញបញ្ចូលបន្ថែម និងផ្សព្វផ្សាយដើម្បីធ្វើការវាយប្រហារ បន្តុះបង្អាប់ និង រិះគន់រដ្ឋាភិបាលឱ្យខូចឈ្មោះតែប៉ុណ្ណោះ ។

៤.ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់និងរំលោភបំពានលើសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូរអ្នកដ៏ទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ ហើយការវិភាគដែលបំពានច្បាប់ទាំងនេះក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈតាមផ្លូវច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ ៕