កងទ័ពភូមា និងក្រុមប្រឆាំងរដ្ឋាភិបាល បាញ់ផ្លោងដាក់គ្នា ពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញ

33
Myanmar soldiers stand guard on a road amid demonstrations against the military coup in Naypyidaw on February 17, 2021. (Photo by STR / AFP)

រដ្ឋឈីន៖មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។

បណ្តាញព័ត៌មានក្នុងស្រុកភូមា​ Myanmar News បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ ផ្ទះសម្បែងជាច្រើនខ្នង ក្នុងក្រុង Thantlang ត្រូវរងការបំផ្លិចបំផ្លាញ ដោយ​គ្រប់ប្លោងរបស់កងទ័ពភូមា ដែលបានបង្កជាអគ្គីភ័យ។ បណ្តាញព័ត៌មាន​ក្នុងស្រុកភូមា ដែលស្រង់សំដីអ្នកភូមិ បានអះអាងថា មនុស្សសឹងទាំងអស់ នៅតំបន់ Thantlang បាននាំគ្នារត់ចេញ។ មានប្រមាណ​៥០០នាក់ បានព្យាយាមរត់ឆ្លងទៅចូលទឹកដីឥណ្ឌា។

លោក ច មីនថុន អ្នកនាំពាក្យរដ្ឋាភិបាល​របបសិកភូមា បានបញ្ជាក់ថា ពិតជាមានការវាយ​ប្រយុទ្ធគ្នាមែន កាលពីថ្ងៃទី​១៨កញ្ញា តែដោយមិនបាន​បញ្ជាក់អំពីចំនួន​មនុស្សស្លាប់ ឬរបួសទេ។ លោកអះអាងទៀត ថាពិតជាមាន​អាគាររដ្ឋ បានរងការខូចខាត ដោយ​អគ្គីភ័យ បង្ករឡើងដោយ​ការប្រយុទ្ធគ្នា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនមានប្រភពព័ត៌មានច្បាស់ការណាមួយ បញ្ជាក់អំពី​ព័ត៌មានលំអិត ស្តីពី​ក្រុម​ប្រដាប់អាវុធប្រឆាំងរបបសិក នៅក្នុងរដ្ឋឈីន នេះទេ។

តែយ៉ាងណា រដ្ឋឈីន ដែលសំបូរទៅដោយជនជាតិភាគតិចឈីន គឺជារដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួន ដែល​មាន​ទំនោរ​ប្រឆាំង នឹងអំណាចកៀបសង្កត់ របស់កងទ័ពភូមា។ ក្រុមជនជាតិភាគតិច តាមរដ្ឋទាំងនោះ បានប្រមូលកម្លាំងរៀងៗខ្លួន ដើម្បី​ប្រយុទ្ធតស៊ូ ប្រឆាំងនឹងរបបសិកភូមា ដែលបានធ្វើរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។

គួររំលឹកផងដែរថា រហូតមកទល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ​ណាមួយទេ ទាក់ទិននឹងវិបត្តិនយោបាយ​នៅភូមា។ មិនថាក្នុង​ក្របខណ្ឌអង្គការសហប្រជាជាតិ ឬក្រប​ខណ្ឌអាស៊ាន ការចរចាបើកផ្លូវសម្រុះសម្រួល​នយោបាយ ជាមួយ​ភាគីភូមាទាំងអស់​ នៅតែគ្មានពន្លឺអ្វីទាល់តែសោះ​។ ក្រោយ​ការធ្វើរដ្ឋប្រហារថ្ងៃទី​ ១កុម្ភៈ ប្រជាជនភូមាបាន​ចេញធ្វើបាតុកម្មយ៉ាងកុះករ។ បាតុកម្មដែលបានរងការបង្រ្កាប ពីសំណាក់កងទ័ព បណ្តាល​​ឲ្យ​​ស្លាប់​យ៉ាងហោច ១១០០នាក់ និង​ ៦៥០០នាក់ទៀត ត្រូវជាប់ឃុំ។

យោងតាមអង្គការ​ជួយ​អ្នកទោសនយោបាយ​នៅភូមា (AAPP) មានករណី​ធ្វើទារុណកម្ម រំលោភសេពសន្ទវៈ និង​ការសម្លាប់​ក្រៅប្រពន្ធច្បាប់ ធ្វើទៅលើអ្នកទោស។ ក្រៅពីបញ្ហាវិបត្តិនយោបាយ​ដ៏ជ្រៅ ប្រជាជនភូមាកំពុងឆ្លងកាត់ការលំបាក ផ្នែកសេដ្ឋកិច្ច និងសុខាភិបាល​ដ៏ធ្ងន់ធ្ងរផងដែរ ដោយសារតែជំងឺឆ្លង​កូវីដ​១៩៕