បើបង្ក្រាបបានរថយន្តស៊េរីទំនើបគ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលិស ឬ ជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល ត្រូវរាយការណ៍ជូន សម្ដេចតេជោ ដើម្បីសម្ដេចមានវិធានការដកមុខតំណែង

325


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធត្រូវសហការជាមួយគយដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ ។ ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តស៊េរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលិស ឬ ជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្ដេចមានវិធានការដកមុខតំណែងនិងបណ្ដេញចេញពីគណបក្ស ថែមទៀត

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពី «លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី» នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្ដេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូលនូវរថយន្តចង្កូតស្ដាំខុសច្បាប់ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា ៖

ទី១-អនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ «ខ.ម» និង «ន.ប» ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ច និងអាករនាំចូលស្របតាមច្បាប់និងបទបញ្ញត្តិស្ដីពីគយ ។

ទី២-ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋផ្លាកលេខ «ខ.ម» និង «ន.ប» ដែលមានចង្កូតឆ្វេងនិងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូល មិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធនិងអាករឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុម័តគ្រោះបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធនាំចូលសរុបពី១០០%មកត្រឹមតែ៩០% ។ ប៉ុន្តែចំពោះរថយន្តទំនើប ដែលទើបនាំចូលក្នុងឆ្នាំ២០២១ ត្រូវបង់ពន្ធនិងអាករ១០០% ដដែល ។ ប្រសិនជាម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនោះទេ គឺក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធនិងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត ។

ទី២-ចំពោះម្ចាស់រថយន្តចង្កូតស្ដាំទាំងអស់ត្រូវរួសរាន់ មកបង់ពន្ធអាករហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០% ដែរ និង ត្រូវយករថយន្តទៅកែចង្កូតឲ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅមិនអនុញ្ញាតឲ្យរថយន្តឯកជនដែលមានចង្កូតស្តាំធ្វើដំណើរលើផ្លូវសាធារណៈទៀតនោះឡើយ លើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសំរាមជាដើម ។

ទី៤-ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធត្រូវសហការជាមួយគយដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ ។ ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលិស ឬ ជាអ្នកធំក្នុងជួររាជរដ្ឋាភិបាលតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្ដេចមានវិធានការដកមុខតំណែងនិងបណ្ដេញចេញពីគណបក្សថែមទៀត ។

ទី៥-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរណ៍លើដងផ្លូវបានឡើយ គឺ ជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត ៕