ជម្លោះដ៏រ៉ាំរៃរយៈពេល៨ឆ្នាំ រវាងអាជីវករ៣២តូបនៅផ្សារសាមគ្គីនិងលោកស្រី លី ហួយ បានដោះស្រាយបញ្ចប់១០០% ក្រោមការសម្របសម្រួលពីលោកអភិបាលខេត្តកំពត

139

កំពត៖ជម្លោះដ៏រ៉ាំរ៉ៃអស់រយៈពេល៨ឆ្នាំ រវាងអាជីវករចំនួន៣២តូប និង លោកស្រី លី ហួយ ត្រូវបានបញ្ចប់១០០% ក្រោមកិច្ចសម្របសម្រួលដ៏ប៉ិនប្រសប់របស់ លោក ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំក្នុងសាលាខេត្តកំពត បានរៀបចំកិច្ចសម្រុះសម្រួលអាជីវករចំនួន៣២តូប និង លោកស្រី លី ហួយ ក្រោមកិច្ចសម្របសម្រួលរបស់ លោក ជាវ តាយ អភិបាលខេត្តកំពត ។

កិច្ចសម្របសម្រួល នេះ មានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តកំពត លោក លាង រឿនសុធី អភិបាលក្រុងកំពត ក្រុមការងារររដ្ឋបាលសាលាខេត្តកំពត ក្រុមការងាររដ្ឋបាលសាលាក្រុងកំពត និងប្រធានផ្សារសាមគ្គីទីរួមខេត្តកំពត ។

ភាគីទាំងសងខាងបានព្រមព្រៀងគ្នាទទួលយកតាមយុទ្ធសាស្រ្ត និងលក្ខខណ្ឌដែល លោក ជាវ តាយ អភិបាលខេត្តកំពត ដាក់ជូនដូចខាងក្រោម ៖

១-អាជីវករផ្សារត្រីចំនួន៣២ តូបត្រូវប្រគល់ប្រាក់ចំនួន ៥,០០០(ប្រាំពាន់)ដុល្លារអាមេរិក ក្នុង ១តូប សរុបជាទឹកប្រាក់ទាំង៣២តូប ស្មើនឹង ១៦០,០០០(ដប់ប្រាំមួយម៉ឺន)ដុល្លារអាមេរិកឱ្យទៅឈ្មោះ លី ហួយ ហៅ លាងហួយ តាមរយៈរដ្ឋបាលសាលាក្រុងកំពត ដែលមានលោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត។

២-លោកស្រី លី ហួយ យល់ព្រមទទួលយកប្រាក់នេះ ព្រមទាំងដកពាក្យបណ្ដឹងរដ្ឋប្បវរណីពីតុលាការដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ចប់ទំនាស់នេះជាស្ថាពរ។

៣-លោកស្រី ជុំ សុគន្ធា អ្នកវិនិយោគផ្សារសាមគ្គីយល់ព្រមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២៥,០០(ពីរពាន់ប្រាំរយ) ដុល្លារអារមេរិក ដើម្បីជួសជុលដំបូលផ្សារត្រី ក្នុងករណីមានការខ្វះថវិកា ហើយរដ្ឋបាលសាលាខេត្តនិងជួយបន្ថែម។

៤- រដ្ឋបាលសាលាក្រុងកំពត ក៏បានធ្វើលិខិតបញ្ជាក់សិទ្ធិកាន់កាប់តូបទៅឱ្យអាជីវករលក់ដូរទាំង៣២តូបផងដែរ។

សូមបញ្ជាក់ថា ករណីទំនាស់ខាងលើនេះ លោក លាង រឿនសុធីអភិបាល នៃគណៈអភិបាលក្រុងកំពត ក៏បានខិតខំព្យាយាមដោះស្រាយជាច្រើនលើកច្រើនសារមកហើយ ដោយឡែកគូភាគីទំនាស់ពុំព្រមទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្ត្រឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ៕