តន់ ចន្ទសីមា ថ្លែងថា បទ «Are You OK» គឺ បំណងចង់អោយអន្តរជាតិស្គាល់ខ្មែរ

1118


ភ្នំពេញ៖តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីមា បានចេញមុខ ថ្លែងថា បទចម្រៀង «Are You OK» ដែលបានផ្ទុះកក្រើកខ្លាំងតាមបណ្តាញសង្គម គឺ ផលិតឡើងក្នុងគោលបំណងចង់អោយអន្តរជាតិស្គាល់ខ្មែរ ។

កញ្ញា តន់ ចន្ទសីមា ថ្លែងបែបនេះ ក្រោយពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាជាបន្ទាន់អោយលុបបទច្រៀង «Are You OK» នេះ វិញ ក្រោយមតិមហាជនជាច្រើនបានរិះគន់ ទៅលើខ្លឹមសារបទចម្រៀងមួយនេះ ព្រមទាំងការសម្តែងផងដែរ ទោះបីមិនទាន់ចេញជា MV ពេញលេញក៏ដោយ ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy Navatra ថ្លែងតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ថា «សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»

ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយលុបបទចម្រៀង Are You Ok ភ្លាម , កញ្ញា តន់ ចន្ទសីមា ថ្លែងតាមបណ្តាញសង្គម Facebook ថា «ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរង់ចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស»

ទន្ទឹមនោះ លោក យឹម តាស្រង់ អ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ថ្លែងដែរថា «បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លារ ត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល ពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ ។ រីឯអាខោន TikTok គ្រាន់តែ២៤ម៉ោង មានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Commentយ៉ាងច្រើន គ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង»

លោក យឹម តាស្រង់ បន្ថែមថា «កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ។ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា»  ៕