បុគ្គល២នាក់ បានរំលោភយកអាងទឹករបស់រដ្ឋហើយ ថែមទាំងដាក់ថ្នាំពុលសម្លាប់សត្វគោរបស់ពលរដ្ឋ ថែមទៀតផង

207


កំពង់ធំ៖បុគ្គល២នាក់ឈ្មោះ ឆេង ផល្លី និង ឈ្មោះ ឆេង បូរ៉ា ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានរំលោភយកអាងទឹកសាធារណៈរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិ រួចប្រើថ្នាំពុលដាក់ចូលអាងទឹកបំពុលសត្វគោរបស់អ្នកស្រុក ថែមទៀតផង ។ នេះបើតាមការអោយដឹងរបស់លោក សួន សេរីរដ្ឋា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ។

បុគ្គលអ្នករំលោភយកអាងទឹកសាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំពុលដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យស្លាប់ ត្រូវបានលោក សួន សេរីរដ្ឋា ចាត់ទុកថា គឺ ជាជនឧក្រិដ្ឋ ដែលមានទោសរំលោភប្លន់យកសម្បត្តិរដ្ឋផង និង ដាក់ថ្នាំបំពុលសម្លាប់សត្វគោជាទ្រព្យឯកជនរបស់ប្រជាពលរដ្ឋផង ។

វេទិកាសន្តិភាពកម្ពុជា ដែលមានសមាជិកជាច្រើនគ្រួសារបានរងគ្រោះ បាត់បង់សត្វគោជាច្រើនក្បាល នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសារអំពើទុច្ចរិត របស់ឈ្មោះ ឆេង ផល្លី និង ឆេង បូរ៉ា ដាក់ថ្នាំថ្នាំពុលក្នុងអាងទឹកនេះ បានអំពាវនាវឲ្យសមត្ថកិច្ចសូមធ្វើការស្រាវជ្រាវចាត់ការតាមច្បាប់លើជនល្មើស និងត្រូវឲ្យជនល្មើសសងសំណងដល់ម្ចាស់គោវិញ ឲ្យបានសមរម្យតាមតម្លៃទីផ្សារ ។

លោក សួន សេរីរដ្ឋា បន្តថា ច្បាប់ មិនអនុញ្ញាតឲ្យជនល្មើសណាម្នាក់រួចខ្លួនទេ ។ ដូចនេះអាជ្ញាធរអ្នកអនុវត្តច្បាប់ ត្រូវតែអនុវត្តច្បាប់ឲ្យស្មើរភាព និងមានប្រសិទ្ធិភាព ដើម្បីផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋម្ចាស់គោទាំងអស់ ៕