នគរបាលស្រុកកោះធំ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ រកឃើញថ្នាំ៣កញ្ចប់

30


កណ្តាល៖មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបាននគរបាលស្រុកកោះធំ ឃាត់ខ្លួនបាន រួមទាំងថ្នាំញៀនចំនួន៣កញ្ចប់តូចធំ ផងដែរ ។

ការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើងនាព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

បើតាមរបាយការណ៍ពី សមត្ថកិច្ច ដែល CPC NEWS ទទួលបាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឡឹម មករា ហៅកណ្ដុរ អាយុ១៧ឆ្នាំ ដែលបានធ្វើតេស្ត ទឹកនោមឃើញមានសារធាតុញៀន

មុនឈានដល់ការបង្ក្រាបនេះគឺមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកោះធំ ថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ក្រោយមក លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានបញ្ជាឲ្យផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ ចុះទៅសហការជាមួយនឹងប៉ុស្តិ៍នគរបាលព្រែកថ្មី ដើម្បីធ្វើការស្រាវជ្រាវករណីនេះ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនរូបនេះតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀននេះពីឈ្មោះ លាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ដែលបានទិញក្នុងមួយកញ្ចប់ធំតម្លៃ២០ម៉ឺនរៀល ដើម្បីទុកចែកចាយបន្ត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសាកសួរជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕