រង់ចាំជាង១០ឆ្នាំ ទម្រាំឈ្នះក្តីជាស្ថាពរ បានផ្លូវមួយខ្សែប្រើឡើងវិញ នៅក្រុងតាខ្មៅ

1262


កណ្តាល៖វិវាទមួយ បានអូសបន្លាយពេលជាង១០ឆ្នាំ ទម្រាំបានសម្រេចក្តីជាស្ថាពរ ហើយអនុវត្តវាយកម្ទេចរបងថ្ម ទម្លាយបានផ្លូវមួយខ្សែប្រើឡើងវិញ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងតាមបណ្តាញសង្គម Facebook ថា ករណីឈ្នះក្តីបើកផ្លូវទំហំ១ម៉ែត្របណ្តោយ២៤ម៉ែត នៅតាខ្មៅខេត្តកណ្តាល ត្រូវបានអនុវត្តបញ្ចប់នៅមុននេះបន្តិច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយវិវាទនេះមានរយ:ពេលជាង១០ឆ្នាំមកហើយ ។

លោក ដួង តារា ថ្លែងទៀតថា ករណីវិវាទបិទផ្លូវចេញចូលម្ចាស់ផ្ទះឈ្មោះ អ៊ិត សៀក អាយុ ៦៥ឆ្នាំ មុខរបរអ្នកលក់ទឹកសណ្តែក និងនំប៉័ងសាច់ (ម្ចាស់ផ្ទះខាងក្រោយ) និងភាគីអ្នកជិតខាងជាប់របងគ្នាដែលជាម្ចាស់ដីលក់ដីអោយគាត់ ឈ្មោះ ជុំ ប៊ុន ឈឿន និងប្រពន្ធឈ្មោះ សាំង ស្រីពៅ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានអនុវត្តបើកផ្លូវចេញចូល (ទំហំ១ម x២៤ម) បានសម្រេចជាស្ថាពរនៅក្នុងការចុះអនុវត្តលើកទី៧ ដោយមានវត្តមានអាជ្ញាសាលា មេប៉ុស្តព្រែកឬស្សី តំណាងអភិបាលរងក្រុងតាខ្មៅ និងខ្ញុំបានចូលរួមកាលពីព្រឹកមិញ។

ករណីវិវាទនេះបានកើតមានជាង១០ឆ្នាំមកហើយ ដោយមានការប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ ដោយមីង អ៊ិត សៀក បានឈ្នះក្តីនៅសាលាកំពូល។ អាជ្ញាសាលាបានចុះអនុវត្ត៦ដងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ទើបនៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២០ មីង អ៊ិត សៀក បានដាក់លិខិតគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី។

កន្លងមក ខ្ញុំបានជួយសម្របសម្រួលជាមួយភាគីទាំងសងខាង ដោយភាគីចាញ់ក្តីបានទាមទារលុយមួយចំនួនសម្រាប់ធ្វើរបងថ្មីទើបសុខចិត្ត។ ដោយសារមីង អ៊ិត សៀក ក្រីក្រគ្មានលទ្ធភាព ទើបខ្ញុំបានជួយរៃអង្គាសថវិកាបាន $4,000 ជូនទៅភាគីចាញ់ក្តីសម្រាប់ធ្វើរបងថ្មីទើបបានឈានទៅដល់ការបញ្ចប់ក្តីក្តាំដែលមានរយៈពេល១០ឆ្នាំមកនេះបានសម្រេចជាស្ថាពរនៅថ្ងៃនេះ។

មីង អ៊ិត សៀក និងកូនចៅ បានគោរពអរគុណសម្តេចតេជោ ដែលបានផ្តល់យុត្តិធម៍ជូនគាត់ដែលរងចាំអស់រយៈពេលជាង១០ឆ្នាំមកនេះ។ ខ្ញុំសូមអរគុណដល់អាជ្ញាសាលា មន្រ្តីក្រុងតាខ្មៅ អាជ្ញាធរមូលដ្ឋាន និងមេធាវីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិវាទនានាជូនបងប្អូនប្រជាពលរដ្ឋ។

លោក ដួង តារា បន្តថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕