សារសំខាន់បំផុតចំពោះអ្នកវិនិយោគបរទេសចូលកម្ពុជា មានត្រឹម Business Visa មិនគ្រប់គ្រាន់ទេ គឺ ត្រូវមាន Work Permit មួយទៀត

90


ភ្នំពេញ៖ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបាន មន្រ្តីអន្តោប្រវេសន៍ដកលិខិតឆ្លងដែន ទុកសិន ហើយត្រូវឡើងអោយទៅបង់ប្រាក់ពិន័យ ព្រោះតែមានត្រឹម Business Visa តែពុំបានស្នើសុំ Work Permit ។

លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ថា កន្លងទៅថ្មីនេះ មានពាណិជ្ជករចិនបាន Call ប្រាប់ខ្ញុំថា លិខិតឆ្លងដែនគាត់ត្រូវបានមន្រ្តីអន្តោប្រវេសន៍ដកទុកសិន ហើយស្អែកឡើងអោយទៅបង់ប្រាក់ពិន័យ ។ បន្ទាប់មកគាត់បានបាញ់លិខិតមួយមកខ្ញុំ “ កំណត់ហេតុដករក្សាទុកបណ្តោះអាសន្នលិខិតឆ្លងដែនជនបរទេស”។ នៅក្នុងលិខិតនោះបានសរសេរថា “ចូលខ្លួនបង់ពិន័យនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី…. ម៉ោង… ជាកំហិត” ។

គាត់ប្រាប់ថា ពេលមន្រ្តីអន្តោប្រវេសន៍ដកយកលិខិតឆ្លងដែនពីគាត់ គឺធ្វើអោយគាត់ភ័យខ្លាំង។ គាត់ប្រាប់ខ្ញុំថា គាត់មកធ្វើពាណិជ្ជកម្មនៅកម្ពុជាគឺមានទិដ្ឋាការ Business Visa ប៉ុន្តែគាត់មិនបានដឹងថាកម្ពុជាចាំបាច់ត្រូវសុំ Work Permit ថែមទៀតទើបអាចប្រកបការងារបាន។ គាត់គ្មានបំណងធ្វើអ្វីខុសនៅក្នុងប្រទេសកម្ពុជាឡើយ។ គាត់ត្រេកអរ កក់ក្តៅ និងកាន់តែមានទំនុកចិត្តដែលខ្ញុំបានពន្យល់ប្រាប់គាត់អំពីការអនុវត្តច្បាប់នៅកម្ពុជា។ សង្ឃឹមថាមន្រ្តីយើងនឹងពន្យល់ណែនាំពាណិជ្ជករបរទេស រួមទាំងពាណិជ្ជករចិនមិនអោយមានការភិតភ័យឡើយ។

លោក ដួង តារា សូមយកឱកាសនេះជម្រាបទៅជនបរទេសទាំងអស់ ជាពិសេសពាណិជ្ជករចិន ដែលមាន Business Visa គឺចាំបាច់ត្រូវតែសុំ Work Permit ទើបមានសិទ្ធិពេញលេញក្នុងការប្រកបការងារ និងធ្វើពាណិជ្ជកម្មតូចធំនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើគ្មាន Work Permit ទេគឺមិនអាចធ្វើការ បង្កើតមុខរបរធ្វើពាណិជ្ជកម្ម ហើយប្រឈមនឹងការផាកពិន័យឬឃាត់ខ្លួនបណ្តោះអាសន្នទៀតផង។ សូមបងប្អូនគោរពច្បាប់នៅក្នុងប្រទេសកម្ពុជាអោយបានល្អត្រឹមត្រូវទាំងអស់គ្នា។

សូមមានការប្រុងប្រយ័ត្នមុននឹងប្រគល់លិខិតឆ្លងដែនអោយទៅអ្នករត់ការក្រដាស់ស្នាមដែលយើងមិនស្គាល់។ បើធ្វើតាមអ្នកណែនាំខុស គឺអាចចំណាយពេលរហូតដល់ ៣ទៅ៦ខែ ឬបាត់បង់លិខិតឆ្លងដែនទាំងស្រុងតែម្តង។

ចំពោះបងប្អូនពាណិជ្ជករចិនដែលត្រូវការធ្វើ Work Permit អាចទាក់ទងក្រុមហ៊ុន ACCI Co., Ltd Tel# 011-561-369 ដែលខ្ញុំស្គាល់ម្ចាស់ក្រុមហ៊ុនច្បាស់ មានការធានានិងទទួលខុសត្រូវខ្ពស់ក្នុងការជួយរៀបចំលិខិតស្នាមស្នើសុំដែលមានរយៈពេលត្រឹមតែ ៥ថ្ងៃទៅ ១អាទិត្យប៉ុណ្ណោះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក​ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕