ថៅកែការ៉ាស់៣នាក់ ដែលរកស៊ីទុច្ចរិតលក់ប្រេងសាំងមិនគ្រប់លីត្រជូនអតិថិជន ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ

177


កណ្តាល៖កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនថៅកែការ៉ាស់សាំង៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ក្លែងបន្លំគុណភាព និង បរិមាណប្រេង បទប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ បទឆបោកនិងបំផ្លិចបំផ្លាញ ឬ គៃបំបាត់វត្ថុដែលមានបិទស្លាកបោះត្រា» ពាក់ព័ន្ធការរកស៊ីទុច្ចរិតលក់ប្រេងសាំងមិនគ្រប់លីត្រជូនអតិថិជន តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៥៣៥ និង មាត្រា៥៣៦ នៃក្រមព្រហ្មទណ្ឌនិងមាត្រា៤០ , ៤១ , ៤៨ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និង មាត្រា៤០នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ។

បទល្មើសនេះ ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈតេលាដេប៉ូ ចាន់ធឿន និង ដេប៉ូ ម៉ាក់ ម៉ី ម៉ី ស្ថិតនៅភូមិព្រែកខ្សៀវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។

ថៅកែការ៉ាស់ទាំង៣នេះ មានឈ្មោះ ទី១ ហ៊ុយ សុខហ៊ាង , ឈ្មោះ មួយ វ៉ាន់ ឌឿន និង ឈ្មោះ ថូ សុផាត ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបអោយ CPC NEWS ដឹងថា ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល  និង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និង ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតី មួយចំនួន និង ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ចាត់ការតាមផ្លូវច្បាប់ តែម្តង ។

ប្រភពព័ត៌មាន ដដែលបន្តថា ដេប៉ូ ម៉ាក់ ម៉ីម៉ី ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រនិង ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ ។

ចំណែកដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទ សៀល ទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ដេប៉ូ ប្រេងឥន្ទនៈទាំង២នេះ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ហ៊ុង សុខហ៊ាង បានមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស ឬ សៀលដើម្បីធ្វើការបើក លក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឈ្មោះ ថូ សុផាត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកកន្ត្រៃមកកាត់ខ្សែលួស ឬ សៀលដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើក លក់អាជីវកម្មជាធម្មតាវិញដែរ។ ភ្លាមៗនោះ ក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និង នាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរតែម្តង ៕